បរទេស៖ ក្រុមអ្នកទេសចរចិនដ៏ច្រើនដំបូងគេ ត្រូវបានទទួលការស្វាគមន៍ដោយរដ្ឋមន្ត្រី៣រូបរបស់ប្រទេសថៃ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិនៃទីក្រុងបាងកកនៅម៉ោងប្រហែលថ្ងៃត្រង់កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជើងហោះហើរ MF833 របស់អាកាសចរណ៍ Xiamen Airlines បាននាំអ្នកទេសចរចិនចំនួន ២៦៩ នាក់ដំបូងមកទីក្រុងបាងកក បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលវិធានការដាក់ឱ្យនៅដាច់ពីគេសម្រាប់ការមកដល់កាលពីថ្ងៃអាទិត្យ។
ការទទួលស្វាគមន៍ក្រុមអ្នកទេសចរចិននៅសាលមកដល់នៃអាកាសយានដ្ឋានសុវណ្ណភូមិនោះ រួមមានរដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul រដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob និងរដ្ឋមន្ត្រីទេសចរណ៍និងកីឡា Phiphat Ratchakitprakarn។
ទន្ទឹមនឹងនោះ មន្ត្រីក៏បានចុះចែកកម្រងផ្កាផ្កាអ័រគីដេ វត្ថុអនុស្សាវរីយ៍ និងខិតប័ណ្ណជាភាសាចិន ស្តីពីព័ត៌មានទេសចរណ៍ផងដែរ។ ពួកគេក៏បានលើកបដាដែលមានពាក្យស្លោកជាភាសាចិនថា “ជនជាតិចិន-ថៃ មកពីគ្រួសារតែមួយ។ ប្រទេសថៃដ៏អស្ចារ្យនឹងស្វាគមន៍ប្រជាជនចិនយ៉ាងកក់ក្ដៅជានិច្ច»៕