ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្ររ៉ុក្កែតយោធា កំពូលរបស់រុស្ស៊ី ពិសេសមីស៊ីល Kalibr ទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំ

បរទេស៖ ក្រុមហ៊ុនផលិតមីស៊ីលឈានមុខគេ របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកវិទ្យាសាស្ត្ររ៉ុក្កែតយោធាកំពូលរបស់រុស្ស៊ីលោក Pavel Kamnev បានទទួលមរណភាពហើយ ក្នុងអាយុ ៨៦ ឆ្នាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kamnev កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុង Caspian នៃ Makhachkala។ លោក Kamnev បានធ្វើការនៅក្នុងឧស្សាហកម្មយន្តហោះ របស់ប្រទេសរុស្ស៊ី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត លោកបានដឹកនាំការិយាល័យរចនា Novator ជាកន្លែងដែលលោកត្រូវបានប្រគល់ភារកិច្ច ឱ្យបង្កើតមីស៊ីលថ្មី សម្រាប់យោធារបស់ប្រទេសរុស្ស៊ី។

វិស្វកររូបនេះបានបន្តធ្វើការក្នុងឧស្សាហកម្មនេះ ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ ដោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Novator និងបម្រើការជាអ្នកវិទ្យាសាស្ត្រនាំមុខគេ នៃក្រុមហ៊ុនមេរបស់ការិយាល័យគឺ Almaz-Antey Corporation នៅពេលលោកស្លាប់។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក “Pavel Kamnev គឺជាសសរស្តម្ភមួយ នៃឧស្សាហកម្មយោធា ក្នុងស្រុក ដែលជាអ្នកវិទ្យាសាស្ត្រ ក្នុងវិស័យវិទ្យាសាស្ត្ររ៉ុក្កែត” ។

សព្វាវុធដែលល្បីបំផុតត្រូវបានបង្កើតឡើង ដោយសារតែលោក Kamenev គឺមីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr ។ គ្រាប់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ បាញ់ចំគោលដៅ ត្រូវបានផ្ទុកនៅលើនាវាចម្បាំង និងនាវាមុជទឹករបស់រុស្ស៊ី ក៏ដូចជាប្រើប្រាស់ ដោយអាកាសចរណ៍រយៈចម្ងាយឆ្ងាយ របស់ប្រទេសនេះផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top