រីយ៉ូ៖ សាខារដ្ឋាភិបាលទាំង៣ របស់ប្រទេសប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយបង្ហាញពីការរួបរួម និងអំពាវនាវដល់សង្គមឱ្យ “រក្សាភាពស្ងប់ស្ងាត់ដើម្បីការពារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ”។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋធានី Brasilia រវាងប្រធានាធិបតីថ្មីលោក Luiz Inacio Lula da Silva ប្រធានសភាតំណាងរាស្រ្ត Arthur Lira ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា Veneziano Vital do Rego និងប្រធានតុលាការកំពូលសហព័ន្ធ Rosa Weber ។
ចំណាត់ការនេះមានគោលបំណងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតីលោក Jair Bolsonaro បានវាយប្រហារ និងបំផ្លិចបំផ្លាញវិមាន Planalto ទីស្នាក់ការប្រធានាធិបតី ក៏ដូចជាអាសនៈសភា និងតុលាការកំពូល។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អំណាចនៃសាធារណរដ្ឋ អ្នកការពារលទ្ធិប្រជាធិបតេយ្យ និងធម្មនុញ្ញរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៨ បដិសេធអំពើភេរវកម្ម ការបំផ្លិចបំផ្លាញ ឧក្រិដ្ឋកម្ម និងរដ្ឋប្រហារដែលបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យក្នុងទីក្រុង Brasilia” ។
ប្រភពបានបន្ថែមថា “យើងរួបរួមគ្នា ដើម្បីឱ្យវិធានការស្ថាប័នត្រូវបានអនុវត្តស្របតាមច្បាប់របស់ប្រទេសប្រេស៊ីល។ យើងអំពាវនាវឱ្យសង្គមរក្សាភាពស្ងប់ស្ងាត់ ដើម្បីការពារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកំណើតរបស់យើង”៕
ប្រែសម្រួល ឈូក បូរ៉ា