ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក ជំរុញឱ្យអាជ្ញាធរអាមេរិក ធ្វើបត្យាប័នអតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ទៅកាន់ប្រទេសកំណើតវិញ

បរទេស៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានជំរុញឱ្យអាជ្ញាធរសហរដ្ឋអាមេរិក ធ្វើបត្យាប័នអតីត ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ទៅកាន់ប្រទេសកំណើតរបស់លោកវិញ បន្ទាប់ពីអ្នកគាំទ្រ របស់លោកបាន សម្រុកចូលអគាររដ្ឋាភិបាលក្នុងរដ្ឋធានី Brasilia កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bolsonaro ត្រូវបានគេ រាយការណ៍ថា បានកំពុងរស់នៅក្បែរទីក្រុង Orlando រដ្ឋ Florida ចាប់តាំងពីខែធ្នូ នៅពេលដែលលោកបាន ភៀសខ្លួនចេញពីប្រទេសប្រេស៊ីល ហើយបានបដិសេធមិនចូលរួមក្នុង ពិធីប្រគល់ខ្សែឈៀងសម្រាប់ប្រធានាធិបតី ទៅឱ្យអ្នកស្នងតំណែងរបស់លោកគឺ លោក Luiz Inacio Lula da Silva ។

ថ្លែងទៅកាន់លោក Jim Acosta របស់ទូរទស្សន៍ CNN លោក Joaquin Castro ដែលជាអ្នកប្រជាធិបតេយ្យនៅ រដ្ឋតិចសាស់ បានអំពាវនាវដល់សេតវិមាន និងអាជ្ញាធរមូលដ្ឋានក្នុងរដ្ឋផ្លរីដា ឱ្យពិចារណាបញ្ជូនលោក Bolsonaro “ដ៏គ្រោះថ្នាក់” ត្រឡប់ទៅប្រេស៊ីលវិញ។

លោក Castro បានប្រាប់ CNN ដោយពណ៌នាថា លោក Bolsonaro “គួរតែត្រូវបានធ្វើបត្យាប័នទៅប្រទេសប្រេស៊ីល” ហើយលោក លោក Bolsonaro ជាអ្នកផ្តាច់ការដែលបានប្រើសៀវភៅ “[Donald] Trump playbook” ដើម្បីបំផុសគំនិត “ភេរវករក្នុងស្រុកឱ្យព្យាយាមកាន់កាប់រដ្ឋាភិបាល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top