បរទេស៖ លោក Nikol Pashinyan នាយករដ្ឋមន្រ្តីរបស់ប្រទេសអាមេនី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាមេនី មិនមានគម្រោងធ្វើសមយុទ្ធយោធា ដែលពាក់ព័ន្ធនឹងសមាជិកនៃ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅឆ្នាំនេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Pashinyan បានអត្ថាធិប្បាយលើអ្វីដែល លោកបានពិពណ៌នាថាជា “ការបរាជ័យក្នុងទំនាក់ទំនង” ជុំវិញសមយុទ្ធរួមគ្នា។ នាយករដ្ឋមន្ត្រីរូបនេះកត់សម្គាល់ថា ក្រសួងការពារជាតិអាមេនី “បានជូនដំណឹងទៅទីស្នាក់ការរួម CSTO ជាលាយលក្ខណ៍អក្សរដែលយើងចាត់ទុកថា វាមិនសមរម្យក្នុងការធ្វើសមយុទ្ធ CSTO [នៅលើទឹកដីរបស់ប្រទេសនេះ] ក្នុងស្ថានភាពបច្ចុប្បន្ន” ។
លោកបានបន្ថែមដោយមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ដោយគ្រាន់តែថា៖ «ដូច្នេះយ៉ាងហោចណាស់ឆ្នាំនេះ សមយុទ្ធបែបនេះនឹងមិនត្រូវបានធ្វើទេ»។

កាលពីដើមខែនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធរួមជាច្រើន ដែលក្នុងនោះយោធាបរទេស ត្រូវបានគេរំពឹងថានឹងចូលរួម។ វាក៏បានបញ្ជាក់ផងដែរនៅពេលនោះថា ប្រទេស អាមេនី នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធ ដែលពាក់ព័ន្ធនឹងការរក្សាសន្តិភាពរបស់ CSTO ដែលត្រូវបានគេហៅថា “Indestructible Brotherhood-2023” ៕
ប្រែសម្រួលៈ ណៃ តុលា
