តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបានតវ៉ា ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការផ្អាកការផ្តល់ទិដ្ឋាការ ដល់អ្នកដំណើរជប៉ុន និងបានជំរុញឱ្យប្រទេសនេះ លុបចោលវិធានការ ដែលត្រូវបានគេមើលឃើញថា ជាការសងសឹកចំពោះទីក្រុងតូក្យូ ដែលទទួលយកការរឹតបន្តឹង ការចូលប្រទេសពីពលរដ្ឋចិន ដោយសារជំងឺកូវីដ-១៩។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “វាជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលប្រទេសចិន កំពុងដាក់កម្រិតលើការចេញទិដ្ឋាការ សម្រាប់ហេតុផលក្រៅពី វិធានការណ៍ប្រឆាំងវីរុសថ្មី” ។
ប្រទេសចិន បានបញ្ឈប់ការចេញទិដ្ឋាការថ្មី ដល់អ្នកដំណើរជនជាតិជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្លួនបានលើកឡើងថា ខ្លួននឹងឆ្លើយតបទៅនឹងប្រទេស ដែលបានណែនាំការរឹតបន្តឹង ការចូលនៃមេរោគឆ្លងមេរោគដ៏តឹងរ៉ឹង លើភ្ញៀវទេសចរមកពីប្រទេសចិន។
រដ្ឋបាលអន្តោប្រវេសន៍ជាតិ នៃប្រទេសចិន ក៏បានប្រកាសកាលពីថ្ងៃពុធផងដែរ អំពីការផ្អាកការលើកលែងទិដ្ឋាការឆ្លងកាត់ សម្រាប់ពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កាលពីចុងឆ្នាំមុន ប្រទេសជប៉ុន បានរឹតបន្តឹងការគ្រប់គ្រងព្រំដែន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិនដីគោក ជាវិធានការបណ្តោះអាសន្ន ដោយតម្រូវឱ្យពួកគេធ្វើតេស្តរកជំងឺកូវីដ-១៩ នៅពេលមកដល់ ចំពេលមានការកើនឡើង នៃករណី និងការភ័យខ្លាចថាវីរុសកូរ៉ូណាប្រភេទថ្មី អាចលេចឡើងនៅទីនោះ។
នៅពេលដែលទីក្រុងប៉េកាំង បានបើកព្រំដែនប្រទេសឡើងវិញ និងបានបោះបង់ចោលវិធានការ ដាក់ឱ្យនៅដាច់ពីគេកាលពីថ្ងៃអាទិត្យ ទីក្រុងតូក្យូ បានពង្រឹងការគ្រប់គ្រងព្រំដែន របស់ប្រទេសជប៉ុនបន្ថែមទៀត សម្រាប់អ្នកធ្វើដំណើរ ដែលមានដើមកំណើត នៅក្នុងប្រទេសចិន ដោយទាមទារភស្តុតាង នៃការធ្វើតេស្តរកជំងឺកូវីដ-១៩ អវិជ្ជមានមុនពេលចេញដំណើរ៕ ប្រែសម្រួល ឈូក បូរ៉ា