ព័ត៌មានអន្តរជាតិ

ជប៉ុន​ ប្ដេជ្ញាពង្រឹងទំនាក់ទំនាក់​ ជាមួយប្រធានាធិបតីថ្មីប្រេស៊ីល

រីយ៉ូ៖​ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក​ Yoshimasa Hayashi បានឧ្យដឹងថា ប្រទេសជប៉ុន​ នឹងពង្រឹងទំនាក់ទំនង ជាមួយប្រេស៊ីលបន្ថែមទៀត ក្រោមអធិបតីភាពលោក Luiz Inacio Lula da Silva ដែលបានក្លាយជាមេដឹកនាំ របស់ប្រទេសនៅដើមឆ្នាំនេះ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ជាមួយសមភាគីប្រេស៊ីលលោក Mauro Vieira នៅទីក្រុង Brasilia លោក Hayashi បានរិះគន់កុប្បកម្មកាលពីថ្ងៃអាទិត្យ ដែលប្រព្រឹត្តដោយអ្នកគាំទ្រ អតីតប្រធានាធិបតីលោក​ Jair Bolsonaro នៅក្នុងរដ្ឋធានី ខណៈបង្ហាញការគាំទ្រ ចំពោះមេដឹកនាំថ្មី ដែល​ “ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ” នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

លោក​ Hayashi ត្រូវបានដកស្រង់ដោយក្រសួង​ ដែលបានលេីកឡេីងថា ទំនាក់ទំនងសេដ្ឋកិច្ច របស់ប្រទេសទាំងពីរមាន “សក្តានុពលធំ” ជាពិសេសនៅក្នុង វិស័យម្ហូបអាហារថាមពល​ និងធនធានរ៉ែដែលក្នុងនោះប្រេស៊ីល​ គឺជាអ្នកផលិតដ៏សំខាន់។

លោក Hayashi បានលេីកឡេីងថា​ លោករំពឹងថារដ្ឋាភិបាល របស់ប្រទេសប្រេស៊ីល​ ក្រោមការដឹកនាំរបស់លោក​ Lula ដែលបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី០១​ ខែមករា​ នឹងធ្វើឱ្យប្រសើរឡើង នូវទិដ្ឋភាពនៃបរិយាកាសធុរកិច្ច របស់ប្រទេសនេះ​ នៅក្នុងវិស័យដូចជាប្រព័ន្ធពន្ធ ដូច្នេះក្រុមហ៊ុនជប៉ុន អាចវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសអាមេរិកខាងត្បូង។

ការចរចានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីបាតុករគាំទ្រលោក​ Bolsonaro ដែលជាអ្នកកាន់តំណែង មុនរបស់លោក​ Lula បានសម្រុកចូលអគារនីតិប្បញ្ញត្តិ ការិយាល័យប្រធានាធិបតី និងតុលាការកំពូល ក្នុងប្រទេសប្រេស៊ីល៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top