ព័ត៌មានអន្តរជាតិ

រុស្ស៊ី តែងតាំងមេដឹកនាំ ក្រុមកងកម្លាំងរួមរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រមុខអគ្គសេនាធិការរុស្ស៊ី ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ត្រូវបានតែងតាំងឱ្យដឹកនាំ ក្រុមកងកម្លាំងរួមរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ អតីតមេបញ្ជាការនៃប្រតិបត្តិការយោធា គឺឧត្តមសេនីយ៍កងទ័ព Sergey Surovikin ត្រូវបានតែងតាំងជាអនុប្រធាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ី ថា តម្រូវការដើម្បី “បង្កើនកម្រិតបញ្ជាការប្រតិបត្តិការ” ត្រូវបានផ្សារភ្ជាប់ទៅនឹង “ការកើនឡើងនៃបេសកកម្មប្រយុទ្ធ” និងតម្រូវការសម្រាប់ការសម្របសម្រួល កាន់តែជិតស្និទ្ធរវាងសេវាកម្មផ្សេងៗ និងសាខានៃកងកម្លាំងប្រដាប់អាវុធ។

ក្រសួងបន្ថែមថា សកម្មភាពនេះក៏នឹងធ្វើឱ្យប្រសើរឡើង នូវការគាំទ្រផ្នែកភស្តុភារ និងប្រសិទ្ធភាពបញ្ជាសម្រាប់កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែនផងដែរ។

ការតែងតាំងថ្មីនេះ បានកើតឡើងប្រហែលបីខែ បន្ទាប់ពីក្រសួងការពារជាតិ បានតែងតាំងលោក Surovikin ដែលជាមេបញ្ជាការកងទ័ពអាកាសរុស្ស៊ី ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top