គៀវ៖ រុស្ស៊ីបានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលរបស់ខ្លួន ទទួលបន្ទុកលើការឈ្លានពានអ៊ុយក្រែន ក្នុងការរង្គោះរង្គើដ៏ធំបំផុត នៅឡើយចំពោះរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនបន្ទាប់ពី បរាជ័យក្នុងសមរភូមិជាច្រើនខែ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានតែងតាំងអគ្គសេនាធិការលោក Valery Gerasimov ជាមេបញ្ជាការកងកម្លាំងរួម សម្រាប់អ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន។
ទង្វើនេះមិនត្រឹមតែធ្វើឱ្យលោក Gerasimov ទទួលខុសត្រូវដោយផ្ទាល់ ចំពោះជោគវាសនានៃ យុទ្ធនាការនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ពី តំណែងជាឧត្តមសេនីយ៍លោក Sergey Surovikin ដែលមានរហស្សនាមថា General Armageddon ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចំពោះភាពឃោរឃៅដ៏ល្បីល្បាញរបស់លោក។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “ការកើនឡើងនៃកម្រិតនៃ ភាពជាអ្នកដឹកនាំនៃ ប្រតិបត្តិការយោធាពិសេស គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការពង្រីកទំហំភារកិច្ច តម្រូវការក្នុងការរៀបចំទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងសាខាផ្សេងៗ នៃកងកម្លាំងប្រដាប់អាវុធ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង កងកម្លាំងរបស់រុស្ស៊ី” ។
ការទម្លាក់លោក Surovikin បានកើតឡើងបន្ទាប់ពីការងារបានតែបីខែប៉ុណ្ណោះ ហើយលោកបានក្លាយជាអនុប្រធានរបស់លោក Gerasimov រួមជាមួយឧត្តមសេនីយ៍ពីរនាក់ទៀត គឺលោក Oleg Salyukov និងលោក Alexey Kim ។
ប៉ុន្មានថ្ងៃបន្ទាប់ពីការតែងតាំងរបស់លោក Surovikin កងទ័ពរុស្ស៊ីបានបង្ហាញពីការ ផ្លាស់ប្តូរជាយុទ្ធសាស្ត្រដោយបញ្ចេញរលក នៃការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលទៅលើគោលដៅ ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងការដាច់ទឹកនៅក្នុងទីក្រុងមួយចំនួន ៕
ប្រែសម្រួល ឈូក បូរ៉ា