ព័ត៌មានអន្តរជាតិ

WHO ចេញ​ការ​ជូន​ដំណឹង ​អំពី​ថ្នាំ​ស៊ីរ៉ូ​ក្អក​ឥណ្ឌា ​ដែល​ទាក់ទង​នឹង​ការ​ស្លាប់ ​កុមារ​ជាច្រើននាក់ នៅយូបេគីស្ថាន

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានចេញការជូនដំណឹងអំពីថ្នាំស៊ីរ៉ូក្អក ចំនួនពីរប្រភេទ ដែលផលិតនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកគេត្រូវបានផ្សារ ភ្ជាប់ទៅនឹងការស្លាប់ របស់កុមារនៅក្នុងប្រទេស យូបេគីស្ថាន ។

ស្ថាប័នសុខភាពពិភពលោក បានឲ្យដឹងថា សុីរ៉ូក្អក Ambronol និង DOK-1 Max ដែលផលិតដោយក្រុមហ៊ុន Marion Biotech ត្រូវបានរកឃើញថាមាន “បរិមាណមិនអាចទទួល យកបាននៃ diethylene glycol ឬ ethylene glycol ដែលជាសារធាតុកខ្វក់”។

ការធ្វើតេស្តត្រូវបានបញ្ចប់ ដោយមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពជាតិ នៃក្រសួងសុខាភិបាលយូបេគីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា “ក្រុមហ៊ុនផលិត ដែលបានបញ្ជាក់មិនបានផ្តល់ ការធានាដល់ WHO លើសុវត្ថិភាព និងគុណភាពនៃផលិតផលទាំងនេះទេ” ។

អាជ្ញាធរយូបេគីស្ថាន បាន​ឲ្យដឹងកាល​ពី​ខែ​មុន​ថា យ៉ាង​ហោច​ណាស់​មាន​កុមារ ១៩ នាក់​បាន​ស្លាប់​បន្ទាប់​ពី​បាន​លេប​ស៊ីរ៉ូ​ក្អក។ ពួកគេបានឲ្យដឹងថា ឱសថត្រូវបានគ្រប់គ្រងដោយឪពុកម្តាយតាមការណែនាំរបស់ឱសថការី និងមិនមែនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតនោះទេ។ កម្រិតដូសពី ២,៥មីលីលីត្រ ទៅ ៥មីលីលីត្រ ដែលផ្តល់ឱ្យ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ លើសពីបរិមាណ ដែលបានណែនាំ សម្រាប់កុមារ។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​ឲ្យដឹងថា ខ្លួន​បាន​ពិនិត្យ​ភ្លាមៗ​រោងចក្រ Marion Biotech នៅ Noida ជិត​រដ្ឋធានីដេលី ហើយ​បាន​បញ្ឈប់​ការ​ផលិត​ថ្នាំរបស់ក្រុមហ៊ុនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top