ព័ត៌មានអន្តរជាតិ

ភ្នាក់ងារ នុយក្លេអ៊ែរ របស់យូអិន ប្តេជ្ញាបង្កើនចំនួនក្រុមការងារក្នុងប្រទេស អ៊ុយក្រែន

បរទេស ៖ ទីភ្នាក់ងារអាតូមិកអន្តរជាតិ ឬហៅកាត់ថា IAEA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងធ្វើការបង្កើន ចំនួនវត្តមាននៃក្រុមការងារ បន្ថែមទៀត នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចទប់ស្កាត់ និងការពារទុក ជាមុននូវហេតុការណ៍ប្រើប្រាស់ នុយក្លេអ៊ែរដោយប្រការណាមួយ នៅអំឡុងពេលជម្លោះ រវាងអ៊ុយក្រែននិងរុស្សី ។

ប្រធាន IAEA លោក Rafael Grossi បានថ្លែងនៅក្នុងសេចក្តីថ្លែងមួយ កាលពីថ្ងៃម្សិលមិញនេះថា លោកនឹងត្រូវធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន នៅសប្តាហ៍ក្រោយ ដើម្បីអាចរៀបចំការងារ ធ្វើយ៉ាងណាបង្កើន ចំនួនក្រុមអ្នកជំនាញសុវត្ថិភាព និងជំនាញសន្តិសុខ របស់ខ្លួននៅតាមទីតាំងរោងចក្រ នុយក្លេអ៊ែររបស់អ៊ុយក្រែន ។

លោកបានបន្តថា នេះគឺជាជំហ៊ានដ៏សំខាន់បំផុត របស់យើងដើម្បីជួយដល់ប្រទេស អ៊ុយក្រែននៅអំឡុងពេល ដ៏លំបាកបែបនេះ ។ ក្រុមការងារជំនាញ របស់យើងនឹងបន្តតាមដាន ឃ្លាំមើលព្រមទាំងវាស់វែង នូវស្ថានភាពព្រមទាំងឧបករណ៍ ចាំបាច់ដែលត្រូវត្រៀម និងការពារជាពិសេសកិច្ចការងារ បច្ចេកទេសដែលត្រូវតែផ្តល់ ទៅឲ្យប្រទេសអ៊ុយក្រែន ។

លោក Grossi ក៏បានថ្លែងដែរថាលោកនឹង ត្រូវធ្វើដំណើរទៅជួបជាមួយ នឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ៊ុយក្រែន ជាច្រើននាក់ផ្សេងទៀតផងដែរ នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាការងារ និងការរៀបចំតំបន់ សុវត្ថិភាពពីនុយក្លេអ៊ែរផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top