ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​អង់គ្លេស បញ្ឈប់​ការ​ជ្រៀតជ្រែក ​ក្នុង​កិច្ចការ​ហុងកុង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យចក្រភពអង់គ្លេស គោរពអធិបតេយ្យភាពរបស់ប្រទេសចិន និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង។

ការអត្ថាធិប្បាយរបស់លោក Wang បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានចេញរបាយការណ៍រយៈពេលប្រាំមួយខែ ស្តីពីទីក្រុងហុងកុង ដែលមានការរិះគន់លើកិច្ចការហុងកុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “យើងសង្កត់ធ្ងន់ម្តងទៀតថាចក្រភពអង់គ្លេស បាននឹងកំពុងព្រងើយកន្តើយចំពោះការពិតដែលថា ហុងកុងបានវិលត្រឡប់មកមាតុភូមិរបស់ខ្លួនជាយូរមកហើយ ដោយបានបន្តបោះពុម្ពនូវអ្វីដែលគេហៅថា របាយការណ៍រយៈពេល ៦ខែអំពីហុងកុង។

លោកបន្ដថា “នេះជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ហើយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់”។

ចាប់តាំងពីការវិលត្រលប់របស់ហុងកុង មក រដ្ឋាភិបាលចិន បានអនុវត្តយ៉ាងពេញលេញ ស្មោះត្រង់ និងម៉ឺងម៉ាត់នូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ដែលប្រជាជនហុងកុងគ្រប់គ្រងហុងកុងប្រកបដោយស្វ័យភាពខ្ពស់។ លោកថា ប្រជាជន​ហុងកុង​ទទួល​បាន​សិទ្ធិ និង​សេរីភាព​ច្រើន​ជាង​មុន​ទៅ​តាម​ច្បាប់​ជាង​មុន​ឆ្នាំ ១៩៩៧។

លោកបានបន្ថែមថា “អ្នកណាក៏ដោយដែលមិនលំអៀងនឹងយល់ព្រមថាច្បាប់សន្តិសុខជាតិ និងប្រព័ន្ធបោះឆ្នោតដែលប្រសើរឡើង សម្រាប់ហុងកុងបានអនុញ្ញាតឱ្យវាចូលទៅក្នុងដំណាក់កាលថ្មីមួយដែលហុងកុង បានស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយត្រូវបានកំណត់ឱ្យរីកចម្រើន” ។

ប្រការនេះបានការពារយ៉ាងមានប្រសិទ្ធភាពសន្តិសុខជាតិ និងស្ថិរភាពសង្គមក្នុងតំបន់។ លោក Wang បានកូសបញ្ជាក់ថា វិនិយោគិនអន្តរជាតិចែករំលែកទស្សនៈថា បរិយាកាសធុរកិច្ចរបស់ហុងកុង កាន់តែមានសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានកាន់តែច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top