ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វាគមន៍ការបន្ដទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយបែកបាក់គ្នា ៧ឆ្នាំ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ស្វាគមន៍ការបន្តទំនាក់ទំនងការទូតជាមួយអារ៉ាប៊ីសាអូឌីត និងការបើកស្ថានទូតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីបង់របស់លោក Abdallah Bou Habib បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Beirut កាលពីព្រឹកមិញ។

ដោយអត្ថាធិប្បាយលើជុំជាច្រើននៃកិច្ចចរចារវាងទីក្រុងតេអេរ៉ង់-រីយ៉ាដ ដែលសម្របសម្រួលដោយទីក្រុងបាកដាដ លោក Amir-Abdollahian បានលើកឡើងថា ប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នា ដើម្បីបន្តការចរចារបស់ពួកគេសម្រាប់ការចាប់ផ្តើមទំនាក់ទំនងធម្មតាឡើងវិញ។

ងាកទៅទំនាក់ទំនងទ្វេភាគីជាមួយប្រទេសលីបង់ លោក Amir-Abdollahian បានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការជួយបំពេញតម្រូវការថាមពលរបស់ប្រទេសលីបង់ ដោយលើកឡើងថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការសាងសង់រោងចក្រថាមពលឡើងវិញនៅក្នុងប្រទេសលីបង់ យោងតាមកិច្ចព្រមព្រៀង ដែលបានឈានដល់ពីមុន។

អារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅដើមឆ្នាំ២០១៦ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីព្រះរាជាណាចក្របានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់។

ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ អ៊ីរ៉ាក់បានរៀបចំកិច្ចចរចាផ្ទាល់ចំនួនបួនជុំរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២១ និងជុំទីប្រាំនៅក្នុងខែមេសាឆ្នាំមុន៕

To Top