តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងទីក្រុង វ៉ាស៊ីនតោនថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវតែធ្វើសកម្មភាពរួមគ្នា លើប្រទេសចិន ក្នុងអំឡុងទស្សនកិច្ច ក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាព របស់ទីក្រុងតូក្យូ ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម កាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ។
លោក គីស៊ីដា បានលើកឡើងថា ប្រទេសចិន គឺជាបញ្ហាប្រឈមដ៏សំខាន់ សម្រាប់ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខណៈដែលចក្ខុវិស័យ របស់ប្រទេសចិន សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ ខុសពីទស្សនៈរបស់ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងវិធីមួយចំនួនដែលសម្ព័ន្ធមិត្ត “មិនអាចទទួលយកបាន” ។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានឲ្យដឹងនៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រនៅសាលា Johns Hopkins នៃការសិក្សាអន្តរជាតិកម្រិតខ្ពស់ វាជារឿងចាំបាច់សម្រាប់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការរួបរួមក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន។
លោកបានបន្ដថា សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនបានសម្គាល់ “ការបញ្ចប់ទាំងស្រុង” នៃសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមត្រជាក់ ហើយប្រសិនបើការប្រើប្រាស់កម្លាំងរបស់ទីក្រុងម៉ូស្គូ “មិនមានការប្រឈមនោះទេ វានឹងកើតឡើងនៅកន្លែងផ្សេងទៀតក្នុងពិភពលោក រួមទាំងអាស៊ីផងដែរ”។
លោកបន្ថែមថា “សហគមន៍អន្តរជាតិ គឺស្ថិតនៅចំណុចរបត់ប្រវត្តិសាស្ត្រ។ សណ្តាប់ធ្នាប់អន្តរជាតិ សេរី បើកចំហ និងស្ថិរភាព ដែលយើងបានបូជាខ្លួនយើង ក្នុងការរក្សា ពេលនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ”។
លោកបានគូសបញ្ជាក់ថា “យើងនឹងមិនអនុញ្ញាត ឱ្យមានការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយបង្ខំ ដោយឯកតោភាគីនោះទេ ហើយយើងនឹងពង្រឹង ការរារាំងរបស់យើង”៕