ព័ត៌មានអន្តរជាតិ

ថៃ៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកថៃ ចុះកៀកពេកបណ្តាលឱ្យប៉ើងតង់, មនុស្ស៨នាក់របួស

បរទេស៖ មនុស្សចំនួន៨នាក់ ក្នុងនោះមាន៥នាក់ជាកុមារ បានរងរបួស នៅពេលដែលតង់មួយ នៅក្នុងសង្កាត់ Muang Tha Chang នៃខេត្ត Chanthaburi បានដួលរលំលើដោយសារតែឥទ្ធិពលខ្យល់ ក្រោមឧទ្ធម្ភាគចក្រដែលខិតមកជិតពេក។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលឧទ្ធម្ភាគចក្រ របស់កងទ័ពជើងទឹក បានមកដល់ដើម្បីបាចផ្កា និងព្យាបាលជំងឺក្នុងព្រឹត្តិការណ៍ទិវាកុមារជាតិ កាលពីថ្ងៃសៅរ៍។

មនុស្ស ៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយ ៦នាក់ក្នុងចំណោមពួកគេត្រូវបានរំសាយចេញពីមន្ទីរពេទ្យ” , នេះបើតាមការិយាល័យសាលាសង្កាត់ Muang Tha Chang បានប្រាប់សារព័ត៌មាន កាលពីរសៀលថ្ងៃសៅរ៍។

ការិយាល័យ​ក៏បាន​សុំ​ទោស​ ចំពោះ​ឧបទ្ទវហេតុ​នេះ ​ដូច​កង​ទ័ព​ជើង​ទឹក​ថៃ​ដែរ។

មន្ត្រីកងទ័ពជើងទឹក ក៏បានទៅសួរសុខទុក្ខជនរងគ្រោះ និងប្រគល់សំណងដល់ពួកគេផងដែរ។ អាជ្ញាធរ​មូលដ្ឋាន​បាន​ណែនាំ ​ឲ្យ​តាមដាន​ស្ថានភាព​ជនរងគ្រោះ ​យ៉ាង​ដិតដល់ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top