តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន និងឥណ្ឌា នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសមយុទ្ធ យន្តហោះចម្បាំងរួមគ្នាជាលើកដំបូង របស់ពួកគេនៅជិតទីក្រុងតូក្យូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេក្នុងការពង្រឹង ទំនាក់ទំនងការពារជាតិ ខណៈដែលពួកគេប្រឈមមុខនឹង អំណាចយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំងធុន F-2 និង F-15 ៤គ្រឿង មកពីកងកម្លាំងស្វ័យការពារដែនអាកាស របស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងការហ្វឹកហ្វឺន ប្រយុទ្ធតាមអាកាសរយៈពេល ១១ថ្ងៃរហូតដល់ថ្ងៃទី២៦ ខែមករា នៅជុំវិញមូលដ្ឋានទ័ពអាកាស Hyakuri ក្នុងខេត្ត Ibaraki ភាគឦសាននៃទីក្រុងតូក្យូ។
ក្រសួងបានឲ្យដឹងថា ពីកងទ័ពអាកាសឥណ្ឌា យន្តហោះចម្បាំង Su-30MKI បួនគ្រឿង យន្តហោះដឹកជញ្ជូន C-17 ពីរគ្រឿង និងនាវាដឹកប្រេងតាមអាកាស IL-78 កំពុងចូលរួម នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងាសារព័ត៌មានក្យូដូជប៉ុន។
សមយុទ្ធនេះត្រូវបានពន្យារពេល ដោយសារការរាតត្បាតនៃមេរោគឆ្លង ដែលបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ បន្ទាប់ពីវាត្រូវបានយល់ព្រម ជាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំសន្តិសុខ “ពីរបូកពីរ” របស់ពួកគេនៅទីក្រុងញូវដេលី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមក្រសួងជប៉ុនបានឱ្យដឹងថា ឥណ្ឌាគឺជាប្រទេសទី៥ ដែលជប៉ុន បានធ្វើសមយុទ្ធទ្វេភាគីបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងអាល្លឺម៉ង់។ កងកម្លាំងការពារស្វ័យការពារជើងគោក និងដែនសមុទ្ររបស់ប្រទេសជប៉ុន បានធ្វើសមយុទ្ធរួមគ្នាជាមួយ សមភាគីឥណ្ឌារួចហើយ ៕
ប្រែសម្រួល ឈូក បូរ៉ា