ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៦,២រ៉ិចទ័រ វាយប្រហារភាគខាងលិចឥណ្ឌូនេស៊ី មិនទាន់មានរបាយការណ៍ ពីអ្នកស្លាប់នៅឡើយទេ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា នៅព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីស្ថិតក្រោមបាតសមុទ្រដ៏ខ្លាំងមួយបានអង្រួនតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ។ ប៉ុន្តែភ្លាមៗនោះមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់ និងរបួសនៅឡើយទេ ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ៤៨គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលជាស្រុកឆ្នេរសមុទ្រក្នុងខេត្ត Aceh ដែលមានជម្រៅ៣៧គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោងប្រហែល៦និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១០និង៣០នាទីល្ងាច ម៉ោងសកលកាលពីថ្ងៃអាទិត្យ ហើយទីភ្នាក់ងារ USGS បានកែប្រែគ្រោះរញ្ជួយដីនេះពីការវាស់វែងដំបូងរបស់ខ្លួននៅកម្រិត ៦.០រ៉ិចទ័រវិញ ជាមួយនឹងជម្រៅ៤៨គីឡូម៉ែត្រ ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិត៦.២ ហើយបានឲ្យដឹងថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបានបញ្ជាក់ថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ ។

លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ BNPB បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរញ្ជួយដីបានធ្វើឱ្យមនុស្សមានការភ័យស្លន់ស្លោ ។ វាត្រូវបានគេមានអារម្មណ៍រំញ័រចន្លោះពី៣ទៅ១០ វិនាទីនៅក្នុងស្រុកចំនួន៤ ក្នុងខេត្ត Aceh និងភាគខាងជើងនៃខេត្ត Sumatra” ។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំដែលមានប្រជាជនជាង២៧០លាននាក់ តែងតែរងការវាយប្រហារដោយគ្រោះរញ្ជួយដី និងបំផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើ “រង្វង់នៃព្រះអគ្គី” ដែលជាធ្នូនៃភ្នំភ្លើង និងខ្សែបន្ទាត់នៅក្នុងបារាយណ៍នៃមហាសមុទ្រប៉ាស៊ីហ្វិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top