ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្តលក់ប្រេងឆៅ ក្រោមតម្លៃកំណត់ របស់លោកខាងលិច

បរទេស៖ យោងតាមការអះអាងដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងឆៅ របស់រុស្សីចន្លោះពីថ្ងៃទី១៥ ខែធ្នូ មកដល់ថ្ងៃទិ១៤ ខែមករាកន្លងមកនេះ មានប្រមាណជា ៤៦,៨២ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃនេះត្រូវបានគេដឹងដែរថា គឺស្ថិតនៅក្រោមការកំណត់តម្លៃ របស់បណ្តាប្រទេសមហាអំណាច G7 ដែលបានទាមទារឲ្យរុស្សីលក់ក្នុងតម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលតម្លៃកំណត់នេះស្ទើរតែស្មើនឹង ពាក់កណ្តាលនៃតម្លៃប្រេងអន្តរជាតិរបស់ Brent crude ដាក់លក់នៅលើទីផ្សារប្រមាណជា ៨៥ដុល្លារក្នុងមួយបារ៉ែល។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានកត់សំគាល់ឃើញថា ការកំណត់តម្លៃរបស់លោកខាងលិច ដែលជាផ្នែកមួយនៃការដាក់ ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្សីនោះ នឹងអាចធ្វើឲ្យមានផលប៉ះពាល់ តិចតួចណាស់ទៅដល់ប្រាក់ចំណូល របស់រុស្សីពីការលក់ប្រេង ខណៈដែលការនាំចេញប្រេង និងហ្គាសរបស់រុស្សីត្រូវបានព្យាករណ៍ ថានឹងមានកំណើនរហូតទៅដល់ ៤២ភាគរយ និងទទួលបានប្រកាស់ចំណេញសរុប ១១,៧ទ្រីលានរូបល ឬត្រូវជា ១៧២ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣នេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top