ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក និងជប៉ុន បញ្ឈប់ការស្វែង រកការទប់ស្កាត់ និងគាបសង្កត់ចិន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បោះបង់ការឈ្លក់វង្វេងរបស់ពួកគេ ក្នុងការទប់ស្កាត់ និងបង្ក្រាបប្រទេសចិន បញ្ឈប់ការបង្កើនការកសាងយោធា និងផ្សព្វផ្សាយភាពវឹកវរក្នុងពិភពលោក។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍រួម នាពេលថ្មីៗនេះ ដោយមេដឹកនាំអាមេរិក និងជប៉ុន ដែលអះអាងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាកាន់តែ ច្រើនឡើង រួមទាំងពីសកម្មភាពមិនស្រប នឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ដោយប្រទេសចិន។ ពួកគេក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន។

អ្នក​នាំ​ពាក្យ Wang Wenbin បាន​ប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា “សៀវភៅ​អាក្រក់​ដែល​ជប៉ុន និង​អាមេរិក​ប្រើ​រួមគ្នា ដើម្បី​បង្ខូច​មុខមាត់​ចិន ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បង្រ្កាប​ការ​អភិវឌ្ឍ​របស់​ចិន ​គឺ​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់ និង​ពុតត្បុត។

លោក Wang បានចង្អុលបង្ហាញថា សកម្មភាពរបស់ប្រទេសជប៉ុន ធ្វើឱ្យប្រជាជនមានការងឿងឆ្ងល់ថា តើខ្លួនកំពុងហែកខ្លួនចេញពីការអភិវឌ្ឍន៍ ដោយសន្តិវិធីក្រោយសង្គ្រាម ហើយខ្លាចគ្រោះថ្នាក់នៃប្រវត្តិសាស្ត្រ ដែលកើតឡើងម្តងទៀតឬយ៉ាងណា។

លោក Wang បានបន្ដថា “សាររបស់យើងសម្រាប់ប្រទេសជប៉ុនគឺថា នរណាម្នាក់ដែលចង់បង្កគ្រោះថ្នាក់ និងប្រថុយប្រថានដល់សន្តិសុខ និងស្ថិរភាពនៃអាស៊ីប៉ាស៊ីហ្វិក នឹងត្រូវបានច្រានចោល និងរុញច្រានដោយបណ្តាប្រទេសនៅទូទាំងតំបន់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top