ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពង្រីកបញ្ជីហាមឃាត់ លើពលរដ្ឋ និងរដ្ឋមន្រ្តីអឺរ៉ុប ជាការឆ្លើយតប នឹងកញ្ចប់ទណ្ឌកម្មទី៩

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីហាមឃាត់ ការចូលរបស់ពលរដ្ឋ និងមន្ត្រីរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្ម ទីប្រាំបួនរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាព អរិភាពរបស់សហភាពអឺរ៉ុប រុស្ស៊ីបានពង្រីកបញ្ជីអ្នកតំណាង មកពីស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលត្រូវបានហាមឃាត់ មិនឱ្យចូលទឹកដីរុស្ស៊ី” ។

យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីមកពីស្ថាប័នអនុវត្តច្បាប់របស់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយយោធាដល់កងកម្លាំង ប្រដាប់អាវុធរបស់អ៊ុយក្រែន រដ្ឋាភិបាលអឺរ៉ុប និងរចនាសម្ព័ន្ធពាណិជ្ជកម្ម ដែលផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន និងពលរដ្ឋសហភាពអឺរ៉ុប បានចូលរួមក្នុងការលើកកម្ពស់មនោសញ្ចេតនា ប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាសមាជិកម្នាក់ៗនៃសភាអ៊ឺរ៉ុប ត្រូវបានបញ្ចូលក្នុងបញ្ជីពង្រីកនេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “សហភាពអឺរ៉ុបកំពុងបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី តាមរយៈវិធានការរឹតត្បិតឯកតោភាគីរបស់ខ្លួន” ដោយហៅកញ្ចប់ទណ្ឌកម្មចុងក្រោយនេះថា “ខុសច្បាប់” ។

សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មទីប្រាំបួន ប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃទី១៦ ខែធ្នូ។  ប្រភពបានឲ្យដឹងថាការដាក់ទណ្ឌកម្ម គឺសំដៅបង្កើនសម្ពាធរួមលើរុស្ស៊ីឱ្យបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួន និងដកទ័ពចេញពីអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top