ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង ធ្លាក់​ចុះ​ ខណៈ​ពាណិជ្ជករ​ផ្តោត​លើ​ហានិភ័យ ​នៃ​វិបត្តិ​សេដ្ឋកិច្ច

ញូវយ៉ក៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ពាណិជ្ជករ​ផ្តោត​លើ​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែកុម្ភៈបានធ្លាក់ចុះ ៧០សេន ឬ ០,៨៧ភាគរយ មកនៅតម្លៃ ៧៩,៤៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយនៅខែមីនាបានធ្លាក់ចុះ ៩៤សេន ឬ ១,០៩ ភាគរយ មកបិទនៅតម្លៃ ៨៤,៩៨ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

ការ​ធ្លាក់​ចុះ​នេះ​បាន​កើត​ឡើង ខណៈ​ដែល​ទិន្នន័យ​ខ្សោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សេដ្ឋកិច្ច។ នាយកដ្ឋានពាណិជ្ជកម្មបានរាយការណ៍កាលពីថ្ងៃពុធថាការលក់នៅហាងលក់រាយរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,១ភាគរយនៅក្នុងខែធ្នូ ក្រោមការរំពឹងទុកនៃការយល់ស្របសម្រាប់ការធ្លាក់ចុះ ០,៩ ភាគរយ។

ទិន្នន័យពី Federal Reserve ក៏បានបង្ហាញផងដែរថា ផលិតកម្មឧស្សាហកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅក្នុងខែធ្នូ។ ពាណិជ្ជករបានរង់ចាំទិន្នន័យ ស្តីពីស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលព័ត៌មានថាមពលនឹងចេញផ្សាយរបាយការណ៍ស្ថានភាពប្រេងឥន្ធនៈប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃយឺតជាងធម្មតា ដោយសារថ្ងៃឈប់ សម្រាករបស់លោក Martin Luther King Jr៕ប្រែសម្រួល ឈូក បូរ៉ា

To Top