ព័ត៌មានអន្តរជាតិ

អត្ថាធិប្បាយ៖ ការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការប្រើប្រាស់ ក្នុងថ្ងៃចូលឆ្នាំចិន ជាសញ្ញាបង្ហាញ ពីកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មី

បុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅថ្ងៃទី ២២ ខែមករានេះ ដែលថ្ងៃទី ២១ ជាថ្ងៃដាច់ឆ្នាំ ។ អ្វីដែលខុសប្លែកពីបីឆ្នាំកន្លងទៅនៅប្រទេសចិន គឺនៅចុងឆ្នាំ ២០២២ ក្រោយពីបានទទួលសមិទ្ធផលជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចលុបចោលវិធានការតឹងរ៉ឹង ចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយកែសម្រួលកម្រិតឆ្លង នៃជំងឺកូវីដ-១៩ ពី«ថ្នាក់Aគ្រប់គ្រងតាមថ្នាក់B» មក«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» ពោលគឺមិនចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺឆ្លងដែលបង្កគ្រោះថ្នាក់ធ្ងរធ្ងន់ ដល់អាយុជីវិត របស់ប្រជាជនទៀតឡើយ ។

ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅ រាល់ពេលជិតដល់ថ្ងៃបុណ្យទានធំៗ រដ្ឋាភិបាលចិន នឹងអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងខេត្ត-ក្រុង បើគ្មានភាពចាំបាច់ ជាពិសេសគឺនៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលកាលពីមុនពេលផ្ទុះវិបត្តិកូវីដ គេនឹងឃើញមានប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅចូលឆ្នាំនៅផ្ទះយ៉ាងសន្ធឹកសន្ធាប់ តែក្រោយផ្ទុះជំងឺកូវីដ ការ «ចូលឆ្នាំនៅកន្លែងកំពុងស្នាក់នៅ» បានក្លាយជាវិធីឆ្លងឆ្នាំថ្មីរបស់ប្រជាជនចិន ទូទាំងប្រទេស ។ អាស្រ័យហេតុនេះ មិនថាវិស័យទេសចរណ៍ ឬការប្រើប្រាស់ក្នុងថ្ងៃបុណ្យនោះទេ សុទ្ធតែធ្លាក់ចុះយ៉ាងគំហុក ។

ដោយឡែកក្នុងឆ្នាំនេះ ក្រោយពីការបន្ធូរបន្ថយវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងបើកប្រទេសឡើងវិញ ពលរដ្ឋចិនបានចេញទៅធ្វើទេសចរណ៍ នៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីខកខាន អស់រយៈពេលបីឆ្នាំ ។ ឯវិស័យដឹកអ្នកដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិនវិញ ក៏បានរស់ឡើងវិញផងដែរ ដោយគិតត្រឹមថ្ងៃទី ២០ ខែមករានេះ ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីទៅចូលឆ្នាំនៅផ្ទះ ឬចេញទៅដើរកម្សាន្ត បានកើនឡើងជិត ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ហើយតួលេខនេះ នឹងបន្តកើនឡើងថែមទៀត ។

គេសង្កេតឃើញថា នៅគ្រប់ស្ថានីយ ចេញដំណើរនៅទូទាំងប្រទេស អ្នកដំណើរគ្រប់រូបមានទឹកមុខញញឹមពព្រាយ ដោយសារបានវិលត្រឡប់ ទៅជួបជុំគ្រួសារក្នុងថ្ងៃចូលឆ្នាំ ។ ឯគ្រប់ទីតំបន់នានា ក៏ប្រកបដោយបរិយាកាសថ្ងៃបុណ្យ ដ៏សប្បាយរីករាយដោយសារតែជីវភាពរស់នៅបានវិលត្រឡប់ ទៅរកសភាពដូចមុនពេលផ្ទុះវិបត្តិកូវីដវិញ ។

ជាការពិតណាស់ ការដែលប្រជាជនអាចធ្វើដំណើរ ទៅមកដោយមិនបាច់ព្រួយបារម្ភ ពីជំងឺឆ្លង អាចជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ អាចដើរកម្សាន្ត នៅគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំ វាជាការសបញ្ជាក់ថា វិស័យទេសចរណ៍ និងទីផ្សារ ប្រើប្រាស់ក្នុងថ្ងៃបុណ្យទានបានរស់ឡើងវិញហើយ ។ ឯវិស័យទាំងពីរនេះ ជាកត្តាដ៏សំខាន់ ដែលបានរួមចំណែក ដល់កំណើនសេដ្ឋកិច្ចចិន ។

បើធៀបនឹងមុនវិបត្តិកូវីដ ក្នុងរយៈពេលបីឆ្នាំកន្លងនេះ ពិតមែនតែសេដ្ឋកិច្ចចិន នៅតែរក្សាកំណើនវិជ្ជមានក្តី ក៏ប៉ុន្តែផលប៉ះពាល់ពីជំងឺឆ្លងក៏មិនតិចដែរ  ។ អាស្រ័យហេតុនេះ តម្រូវឱ្យរដ្ឋាភិបាល សិក្សាតាមបែបវិទ្យាសាស្ត្រ ចំពោះសភាពការណ៍ជាតិរបស់ខ្លួនពោលគឺក្រៅពីប្រកាន់ខ្ជាប់នូវការតម្កល់ទុក ប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បង ក្នុងបរិបទមានជំងឺរាតត្បាត ក៏ត្រូវកែសម្រួលវិធានការជាបន្តបន្ទាប់ ដើម្បីឱ្យស្របតាមការវិវឌ្ឍជាក់ស្តែងនៃស្ថានការណ៍ជំងឺឆ្លង ។ 

ការសម្រេចចិត្ត បើកប្រទេសឡើងវិញ របស់ប្រទេសចិន មិនត្រឹមតែបាន ធ្វើឱ្យបរិយាកាសអ៊ូអរ សប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វិលត្រឡប់មកវិញនោះទេ ប៉ុន្តែក៏បានក្លាយជាសញ្ញាដ៏វិជ្ជមាន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិនិងពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ជាច្រើន លើកច្រើនសាថា សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ នឹងមានកំណើនគួរឱ្យកត់សម្គាល់ ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រេចការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។

ចំណែកបណ្តាប្រទេសនានា ដែលសាទរចំពោះប្រទេសចិនដែលបានបើកប្រទេសឡើងវិញ ក្រៅពីការរំពឹងទុកចំពោះកំណើនទេសចរចិន ដែលនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិ នៃប្រទេសខ្លួនរស់ឡើងវិញ ក៏រំពឹងទុកពីការពង្រឹងនិងពង្រីកវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយប្រទេសចិនផងដែរ ។ ដូចជាការរំពឹងអ៊ីចឹង ក្នុងឱកាសវិស្សមកាលចូលឆ្នាំចិននេះ ពលរដ្ឋចិនជាច្រើន បានចេញទៅធ្វើទេសចរណ៍ នៅបរទេស ទីផ្សារប្រើប្រាស់ ក្នុងថ្ងៃបុណ្យទានបានកើនឡើងយ៉ាងខ្លាំង ចំនួនអ្នកដំណើរ ទៅមកឆ្លងខេត្ត-ក្រុង ទៅទូទាំងប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំង ។ល។ ទាំងនេះបានបញ្ជាក់ថា វិធានការបន្ធូរបន្ថយការបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ចិន គឺបានអនុវត្តជាក់ស្តែង ដែលមិនមែនធ្វើឱ្យតែល្អមើលនោះទេ ហើយការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំថ្មី ក៏មានការចាប់ផ្តើម ដ៏ល្អប្រសើរមួយផងដែរ ។ 

កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ ពេលជួបសំណេះសំណាល តាមប្រព័ន្ធវីដេអូ ជាមួយកម្មាភិបាល និងមហាជននៅតំបន់មូលដ្ឋានមួយចំនួន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ៖ «ក្តីបំណងធំបំផុតរបស់ខ្ញុំគឺសង្ឃឹមថាជនរួមជាតិទាំងអស់ អាចឆ្លងថ្ងៃបុណ្យចូលឆ្នាំដោយក្តីសប្បាយរីករាយ» ។

ជាការពិតណាស់ ដោយសារជីវភាពរស់នៅ បានវិលត្រឡប់ទៅរកគន្លងប្រក្រតីភាពឡើងវិញ ហេតុនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ បរិយាកាសសប្បាយរីករាយ បានគ្របដណ្តប់ទូទាំងប្រទេសចិន ហើយគេជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសចិននឹងរួមចំណែកថ្មី ដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ពិសេសសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាព នៃពិភពលោកជាក់ជាមិនខាន ៕    

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top