ព័ត៌មានអន្តរជាតិ

UN ថាយ៉ាងហោចណាស់ បុគ្គលិករក្សាសន្តិភាព ចំនួន៣២នាក់ បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារ ដោយចេតនា

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ថា  យ៉ាងហោចណាស់បុគ្គលិករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)ចំនួន៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយចេតនាកាលពីឆ្នាំមុន ដោយបេសកកម្មនៅប្រទេសម៉ាលី ទទួលរងការឈឺចាប់ខ្លាំងជាងគេ ។

សហភាពបុគ្គលិកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមអ្នកស្លាប់ទាំង៣២នាក់ មានយោធា២៨ នាក់ និងប៉ូលិស៤នាក់ រួមទាំងមន្រ្តីប៉ូលិសស្រីម្នាក់ផងដែរ ។

អស់រយៈពេល៩ឆ្នាំជាប់ៗគ្នា បេសកកម្មនៅក្នុងប្រទេសម៉ាលី ដែលគេស្គាល់ដោយអក្សរ កាត់ជាភាសាបារាំងថា MINUSMA បានទទួលរងនូវអ្នកស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់ចំនួន១៤នាក់ក្នុងឆ្នាំ២០២២ បន្ទាប់មកមាន១៣នាក់បានស្លាប់ពីបេសកកម្មនៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ។

លោក Aitor Arauz ប្រធានសហភាពបុគ្គលិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “អ្នករក្សាសន្តិភាព និងបុគ្គលិកស៊ីវិលដែលធ្វើការក្បែរគ្នាជាមួយពួកគេ គឺស្ថិតនៅជួរមុខនៃការងាររបស់អង្គការសហប្រជាជាតិ នៅក្នុងបរិយាកាសដែលមានបញ្ហាប្រឈមបំផុតរបស់ពិភពលោក” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top