ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទំនង​ជា​មិន​អាច ​បណ្ដេញរុស្ស៊ី​ ចេញ​ប្រទេសនៅឆ្នាំ​នេះ​បានទេ ខណៈ​សម្ព័ន្ធមិត្ត​បរាជ័យ ​ក្នុង​ការ​ផ្ដល់ជំនួយរថក្រោះ

បរទេស៖ ឥស្សរជនយោធាអាមេរិក បានព្រមានកាលពីថ្ងៃសុក្រថា អ៊ុយក្រែន ទំនងជាមិនអាចបណ្តេញរុស្ស៊ី ចេញពីទឹកដីរបស់ខ្លួន បានទេនៅឆ្នាំនេះ ដោយសារកិច្ចប្រជុំដ៏សំខាន់ នៃសម្ព័ន្ធមិត្តបរាជ័យក្នុងការដោះស្រាយ ការបែកបាក់គ្នាជុំវិញ ការផ្តល់រថក្រោះប្រយុទ្ធកម្រិតខ្ពស់ សម្រាប់កងកម្លាំងរបស់ទីក្រុងគៀវ។

រដ្ឋមន្ត្រីការពារជាតិបានពិភាក្សា អំពីការបញ្ជូនជំនួយយោធាបន្ថែមទៀត ទៅកាន់ប្រទេស ដែលកំពុងប្រយុទ្ធ ខណៈសង្គ្រាមជាមួយរុស្ស៊ី អូសបន្លាយជាង ១១ខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចុះបញ្ជីការសន្យាជាបន្តបន្ទាប់ពីប្រទេសនានា ក្នុងការផ្តល់អាវុធការពារ និងផ្នែករឹង ប៉ុន្តែរថក្រោះ Leopard 2 ដែលចង់បានដោយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានអវត្តមាន។

លោកបានលើកឡើងថា “យើងទាំងអស់គ្នា អាចធ្វើបានច្រើនជាងនេះ” សម្រាប់អ៊ុយក្រែន លោកថា កងកម្លាំងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការវាយលុក ប្រឆាំងនឹងរុស្ស៊ី នៅនិទាឃរដូវនេះ ហើយអំពាវនាវឱ្យសម្ព័ន្ធមិត្ត បង្កើនការដឹកជញ្ជូនអាវុធ ដើម្បីជួយដល់ទីក្រុងគៀវ រៀបចំការវាយប្រហារនេះ។

លោកបានបន្ថែមថា “យើងពិតជាផ្តោតលើការធ្វើឱ្យប្រាកដថា អ៊ុយក្រែន មានសមត្ថភាពដែលខ្លួន ត្រូវតែទទួលបានជោគជ័យនៅពេលនេះ ដូច្នេះយើងមានបង្អួចនៃឱកាស នៅទីនេះរវាងពេលនេះ និងនិទាឃរដូវ នៅពេលដែលពួកគេ ចាប់ផ្តើមការវាយលុករបស់ពួកគេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top