គៀវ៖ អ៊ុយក្រែនបានជំរុញអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឱ្យ “គិតឱ្យបានលឿនជាងមុន” អំពីការយល់ព្រមតាមសំណើរបស់ទីក្រុងគៀវ សម្រាប់រថក្រោះប្រយុទ្ធដ៏មានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
កាលពីថ្ងៃសៅរ៍ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡុឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យលោកខាងលិចបង្កើន ការគាំទ្រផ្នែកយោធា សម្រាប់ប្រទេស នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
កិច្ចប្រជុំដ៏លំបាករបស់មន្ត្រី លោកខាងលិចកាលពីថ្ងៃសុក្រ នៅឯមូលដ្ឋានអាកាស Ramstein ជុំវិញការផ្គត់ផ្គង់រថក្រោះ Leopard 2 បានបញ្ចប់ដោយភាពជាប់គាំង ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បរាជ័យក្នុងការបញ្ជូនពួកគេទៅអ៊ុយក្រែន។
លោក Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “អ្នកនឹងជួយអ៊ុយក្រែនជាមួយនឹងអាវុធចាំបាច់ ហើយដឹងថា គ្មានជម្រើសផ្សេងទៀត ដើម្បីបញ្ចប់សង្គ្រាមនោះទេ លើកលែងតែការចាញ់របស់រុស្ស៊ី”។
លោកបន្ដថា “ប៉ុន្តែ ការមិនចុះសម្រុងថ្ងៃនេះកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ ជារៀងរាល់ថ្ងៃនៃការពន្យារពេល គឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ សូមគិតលឿនជាងមុន។”
កាលពីដើមសប្តាហ៍នេះ ដៃគូរបស់អ៊ុយក្រែនបានសន្យាផ្តល់ជំនួយយោធាថ្មីរាប់រយលានដុល្លារ ប៉ុន្តែមិនអាចយល់ព្រមលើការបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវ នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា