ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានពីការសងសឹក ប្រសិនបើសហភាពអឺរ៉ុប ដាក់កងកម្លាំងឆ្មាំបដិវត្តន៍ របស់ខ្លួនក្នុងបញ្ជីខ្មៅ 

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា វិធានការសងសឹកណាមួយរួមទាំងការដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយ (NPT) ដោយអ៊ីរ៉ង់ នឹងអាចធ្វើទៅបានប្រសិនបើអឺរ៉ុប មិនផ្លាស់ប្តូរជំហរប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានសភាផ្លូវការ ICANA ដើម្បីឆ្លើយតបទៅនឹងសំណួរថាតើការដកខ្លួនរបស់អ៊ីរ៉ង់ចេញពី NPT និងការបណ្តេញចេញអធិការនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងស្ថិតក្នុងចំណោមវិធានការសងសឹករបស់ទីក្រុងតេអេរ៉ង់ ប្រសិនបើ សហភាពអឺរ៉ុប បានដាក់បញ្ជីខ្មៅអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជា “អង្គការភេរវករ”។

សភាអ៊ឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យអឺរ៉ុប ចាត់តាំងអង្គភាព IRGC របស់អ៊ីរ៉ង់ជា “ក្រុមភេរវករ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយពណ៌នាអំពីចំណាត់ការរបស់សភាអឺរ៉ុបថាគ្រាន់តែជា “ការបង្ហាញមួយ” លោក Amir-Abdollahian បានលើកឡើងថា បើយោងតាមការកត់សម្គាល់របស់សមភាគីស៊ុយអែត Tobias Billstrom ដែលប្រទេសរបស់ពួកគេកាន់តំណែងជាប្រធានប្ដូរវេនរបស់អឺរ៉ុប នោះ បស្ចិមប្រទេសមិនស្វែងរកការអនុវត្តដំណោះស្រាយនោះទេ។

លោកបានកត់សម្គាល់ថា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ក៏បានឲ្យដឹងនៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបមិនស្វែងរកការអនុវត្តដំណោះស្រាយនោះទេ ដែលគ្រាន់តែជាការឆ្លុះបញ្ចាំងពីអារម្មណ៍នៃផ្នែកខ្លះនៃសមាជិកសភាអឺរ៉ុបប៉ុណ្ណោះ។

ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf កាលពីថ្ងៃអាទិត្យបានប្តេជ្ញាថា ស្ថាប័ននីតិប្បញ្ញត្តិនឹងដាក់ឈ្មោះកងទ័ពរបស់ប្រទេសអ៊ឺរ៉ុប ដែលមានវត្តមាននៅក្នុងតំបន់មជ្ឈិមបូព៌ាថា ជា “ក្រុម និងអង្គការភេរវកម្ម” ប្រសិនបើអឺរ៉ុបដាក់ក្នុងបញ្ជីខ្មៅ IRGC មែននោះ៕


To Top