ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី នឹងបង្កើតកងពលកាំភ្លើងធំចំនួន៣ ដើម្បីទប់ទល់នឹងការ គម្រាមកំហែងខ្លាំងបំផុត ផ្នែកសន្តិសុខ

បរទេស៖ អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ Valery Gerasimov បាននិយាយថា ទីក្រុងមូស្គូមានបំណងបង្កើតតំបន់យោធាថ្មី និងប្រមូលផ្តុំអង្គភាពថ្មីៗ ដើម្បីទប់ទល់នឹងការគម្រាមកំហែងខ្លាំងបំផុត ផ្នែកសន្តិសុខដែលខ្លួនប្រឈមមុខ រួមទាំងសង្រ្គាមកូនកាត់នៅអ៊ុយក្រែន ក៏ដូចជា ប្រទេសហ្វាំងឡង់ និង ស៊ុយអែត ដែលមានសក្តានុពល ចូលរួមជាមួយអង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា និយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកាសែត Argumenty i Fakty កាលពីថ្ងៃចន្ទ លោកឧត្តមសេនីយ Gerasimov បាននិយាយថា “នៅពេលនេះ ការគម្រាមកំហែងបែបនេះ គឺជាសេចក្តីប្រាថ្នារបស់អង្គការណាតូ ដើម្បីពង្រីកដោយការបញ្ចូលប្រទេសហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាការប្រើប្រាស់អ៊ុយក្រែន ជាឧបករណ៍សម្រាប់ធ្វើសង្រ្គាមកូនកាត់ ប្រឆាំងនឹងប្រទេសរបស់យើង” ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ។

យោងតាមឧត្តមសេនីយ ការឆ្លើយតបរបស់យោធារុស្ស៊ី ចំពោះបញ្ហាប្រឈមទាំងនោះ ក្នុងចំណោមរបស់ផ្សេងទៀត រួមមានការបង្កើតតំបន់យោធា Moscow និង Leningrad និងការបង្កើតកងពលកាំភ្លើងធំចំនួន៣នៅតំបន់ Kherson និង Zaporozhye ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងរដូវស្លឹកឈើជ្រុះបន្ទាប់ពី ការបោះឆ្នោតប្រជាមតិ ក៏ដូចជាសាធារណរដ្ឋ Donetsk និង Lugansk ។ ក្នុងរបៀបវារៈក៏កំពុងដាក់ កងទ័ពនៅសាធារណរដ្ឋ Karelia ដែលស្ថិតនៅភាគពាយ័ព្យរបស់រុស្ស៊ី និងជាប់ព្រំដែនប្រទេសហ្វាំងឡង់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top