បរទេស ៖ សេវាសន្តិសុខរបស់អាល្លឺម៉ង់បានចោទប្រកាន់ជនសង្ស័យចំនួន ៥ នាក់ពីបទក្បត់ជាតិ ជុំវិញផែនការផ្តួលរំលំរដ្ឋាភិបាល ។ ក្រុមដែលសមាជិករបស់ពួកគេឥឡូវ ត្រូវបានគេឃុំឃាំងទាំងអស់ ត្រូវបានគេចោទថា គ្រោងនឹងបង្កឲ្យមានស្ថានការណ៍ «ដូចសង្គ្រាមស៊ីវិល» និងចាប់ពង្រត់រដ្ឋមន្ត្រី រដ្ឋាភិបាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅដើមខែធ្នូ អាជ្ញាធរអាល្លឺម៉ង់ក៏បានអះអាងថា បានរារាំងការប៉ុនប៉ង ធ្វើរដ្ឋប្រហារដាច់ដោយឡែកពីគ្នា ដោយពួកជ្រុលនិយមស្តាំនិយម។
កាលពីថ្ងៃច័ន្ទ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៦ ខែមករាប្រឆាំងនឹងបុគ្គលចំនួន ៥នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណដូចជា Sven B., Michael H., Thomas K., Thomas O. និង Elisabeth R. ពួកគេត្រូវបានគេសង្ស័យថា “បានបង្កើត ឬចូលរួមនៅក្នុងអង្គការភេរវករក្នុងស្រុក” ។
លើសពីនេះទៀត ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទរៀបចំ “អំពើក្បត់ជាតិខ្ពស់” ប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។
អាជ្ញាធរអះអាងថា ក្រុមនេះត្រូវបានបង្កើតឡើងមិនលើសពីពាក់កណ្តាល ខែមករាឆ្នាំមុនឡើយ ក្នុងគោលបំណងបង្ក “លក្ខខណ្ឌដូចសង្គ្រាមស៊ីវិល” ក្នុងប្រទេស។ គោលដៅដែលគេសន្មត់ថា ជនសង្ស័យគឺដើម្បីផ្តួលរំលំ រដ្ឋាភិបាលអាល្លឺម៉ង់ និង “លទ្ធិប្រជាធិបតេយ្យសភា”៕
ប្រែសម្រួលៈ ណៃ តុលា