អង់ការ៉ា៖ តួកគី បានពន្យារពេលកិច្ចប្រជុំត្រីភាគី ជាមួយស៊ុយអែត និងហ្វាំងឡង់ លើការដេញថ្លៃ ការចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីការដុតច្បាប់ចម្លង នៃគម្ពីគូរ៉ា នៅក្នុងទីក្រុងស្ដុកហូម ប្រទេសស៊ុយអែត។
របាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំត្រូវបានគេគ្រោង នឹងធ្វើនៅខែកុម្ភៈនេះ ដោយដកស្រង់ប្រភព ការទូតតួកគីអនាមិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការសម្រេចចិត្តនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់ស៊ុយអែត កុំឱ្យរំពឹងថា នឹងមានការគាំទ្ររបស់តួកគី លើការដេញថ្លៃរបស់អង្គការណាតូ បន្ទាប់ពី Rasmus Paludan ដែលជាប្រធានគណបក្សនយោបាយស្តាំនិយម របស់ដាណឺម៉ាក Hard Line បានដុតច្បាប់ចម្លងនៃគម្ពីគូរ៉ាកាល ពីថ្ងៃសៅរ៍នៅខាងក្រៅស្ថានទូតតួកគី នៅទីក្រុងស្ដុកហូមប្រទេសស៊ុយអែត។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់សំណើផ្លូវការរបស់ពួកគេ ដើម្បីចូលរួមជាសមាជិកណាតូ នៅខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានជំទាស់ដំបូងដោយតួកគី សមាជិកណាតូ ដោយលើកឡើងពីការគាំទ្ររបស់ពួកគេ ចំពោះអង្គការប្រឆាំងតួកគី និងអ្នកប្រឆាំងនយោបាយ។
មួយខែក្រោយមក តួកគី ស៊ុយអែត និងហ្វាំងឡង់បានឈានដល់អនុស្សរណៈ នៃការយោគយល់គ្នា (MoU) មុនពេលកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដែលធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
នៅក្នុង MoU ទីក្រុងអង់ការ៉ា បានយល់ព្រមដកវេតូរបស់ខ្លួន លើការដេញថ្លៃរបស់ណាតូ ដោយហ្វាំងឡង់ និងស៊ុយអែត ដែលបានសន្យាជាថ្នូរនឹងការគាំទ្រ ការប្រយុទ្ធប្រឆាំងនឹងភេរវករ របស់តួកគីយ៉េ និងដោះស្រាយសំណើ “ការនិរទេស ដែលកំពុងរង់ចាំ ឬការធ្វើបត្យាប័នជនសង្ស័យភេរវករ ឱ្យបានឆាប់រហ័ស និងហ្មត់ចត់”៕ ប្រែសម្រួល ឈូក បូរ៉ា