តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេតវិមានមិនមានជំហរ សូម្បីតែនិយាយអំពីបញ្ហាសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើគណនី Twitter របស់លោកជាការឆ្លើយតប ទៅនឹងការអះអាងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះការគាំទ្រចំពោះការតវ៉ា នាពេលថ្មីៗនេះ និងសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ ២២ឆ្នាំ។
អ្នកការទូតកំពូលអ៊ីរ៉ង់បានសរសេរថា ការសម្លាប់មនុស្សពីរលាននាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន យេម៉ែន និងស៊ីរី និងការដុតភ្លើង នៃសង្រ្គាមនៅអ៊ុយក្រែន គឺជាផលវិបាកនៃ “អន្តរាគមន៍របស់អាមេរិក” ។
លោក Amir-Abdollahian ក៏បានអំពាវនាវដល់មន្ត្រីសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការលាក់ពុត ចំពោះប្រជាជនអ៊ីរ៉ង់ ខណៈដែលពួកគេដឹងយ៉ាងច្បាស់អំពី “ភាពសាហាវឃោរឃៅ នៅពីក្រោយពាក្យសំដី ដ៏ស្រស់ស្អាត ផ្អែមល្ហែម” របស់ជនជាតិអាមេរិក។
ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីកញ្ញា Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាក់ខ្លួនឈឺធ្ងន់របស់នាង នៅឯស្ថានីយ៍ប៉ូលីស។
អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេសរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា