រ៉ូម៖ កិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីជៀសវាងការធ្វើកូដកម្មថ្នាក់ជាតិ របស់អ្នកចែកចាយប្រេងសាំង និងម៉ាស៊ូត បានធ្លាក់ចុះកាលពីថ្ងៃអង្គារ ខណៈដែលជិត ៣ភាគ៤ នៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២១០០០កន្លែង របស់ប្រទេសអ៊ីតាលី បានឈប់ដំណើរការនៅម៉ោង ៧យប់។
កូដកម្មដែលត្រូវ បានធ្វើឡើង ដើម្បីតវ៉ាប្រឆាំង នឹងច្បាប់បង្ហាញតម្លៃថ្មី ដែលបានធ្វើឡើង ចំពេលមានការកើនឡើង តម្លៃប្រេងឥន្ធនៈ ត្រូវបានគ្រោងទុកដំបូង ក្នុងរយៈពេល ៦០ម៉ោង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ច្បាប់តម្រូវឱ្យអ្នកចែកចាយប្រកាស ការវិភាគពេញលេញនៃតម្លៃរបស់ពួកគេ រួមជាមួយនឹងបញ្ជីតម្លៃមធ្យមជាតិ។ ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនតម្លាភាពលើតម្លៃ និងកាត់បន្ថយការរំពឹងទុកតម្លៃ ។
ប៉ុន្តែអ្នកចែកចាយបានឲ្យដឹងថា ច្បាប់ថ្មីបានចាត់ទុកពួកគេថា ជាអង្គភាពដែលទទួលខុសត្រូវ ចំពោះការកើនឡើងតម្លៃនាពេលថ្មីៗនេះ នៅពេលដែលថ្លៃសេវារបស់ពួកគេមានចំនួនប្រហែល ២ ភាគរយ នៃតម្លៃដែលគិតដល់អ្នកប្រើប្រាស់ ។
កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប្រទេសអាល់ហ្សេរី ក្នុងគោលបំណងធានាប្រភពប្រេងថ្មី ដើម្បីជំនួសការនាំចូលពីប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានឲ្យដឹងថា ច្បាប់ថ្មីនេះមិនមានបំណងធ្វើឱ្យប្រតិបត្តិករស្ថានីយ៍ ប្រេងឥន្ធនៈអាម៉ាស់នោះទេ។
បន្ទាប់ពីការចរចាជា មួយមន្ត្រីរដ្ឋាភិបាលកាលពីសប្តាហ៍មុន កូដកម្មត្រូវបានផ្អាកមួយរយៈខ្លី ហើយបន្ទាប់មកបានកំណត់ពេលវេលាខ្លីជាង ៤៨ ម៉ោង៕
ប្រែសម្រួល ឈូក បូរ៉ា