ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់ទណ្ឌកម្មសងសឹកលើបុគ្គល និងអង្គភាពរបស់ អង់គ្លេស និងអឺរ៉ុប

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពមួយចំនួននៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ “គាំទ្រអំពើភេរវកម្ម និងញុះញង់ឱ្យមានអំពើហិង្សា និងភាពចលាចល” នៅក្នុងប្រទេសអ៊ីរ៉ង់។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនដោយលើកឡើងពីការជ្រៀតជ្រែករបស់ពួកគេនៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអ៊ីរ៉ង់ និងការចូលរួមក្នុងការដាក់ទណ្ឌកម្មដ៏ឃោរឃៅប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាហេតុផលបន្ថែមទៀត សម្រាប់ការដាក់ទណ្ឌកម្ម។

ទណ្ឌកម្មដែលគ្របដណ្ដប់លើអង្គភាពសហភាពអឺរ៉ុបចំនួនបី និងបុគ្គលចំនួន ២២ នាក់ អង្គភាពអង់គ្លេសមួយ និងមន្ត្រីដែលកំពុងកាន់អំណាច និងអតីតមន្ត្រីចំនួន ៨នាក់ នឹងហាមឃាត់បុគ្គលគោលដៅមិនឱ្យទទួលបានទិដ្ឋាការ និងចូលប្រទេសអ៊ីរ៉ង់ ហើយនឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់។

ប្រតិភូរដ្ឋមន្ត្រីបារាំងសម្រាប់ទីក្រុង និងលំនៅដ្ឋានលោក Olivier Klein សមាជិកសភាអឺរ៉ុប Dietmar Koster អគ្គមេធាវីនៃប្រទេសអង់គ្លេស Victoria Mary Prentis និងអតីតប្រធានសេវាស៊ើបការណ៍សម្ងាត់អង់គ្លេសលោក Richard Billing Dearlove ស្ថិតក្នុងចំណោមបុគ្គល ដែលត្រូវបានដាក់ទណ្ឌកម្ម។

កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រី និងអង្គការរបស់អ៊ីរ៉ង់ជាង ៣០រួមទាំងអង្គភាពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់សម្រាប់ការឆ្លើយតបរបស់ពួកគេ ចំពោះការតវ៉ានាពេលថ្មីៗនេះនៅក្នុងប្រទេស។ អង់គ្លេស​និង​អាមេរិកក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​ថ្ងៃ​តែមួយផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top