បរទេស៖ អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកច្បាប់នៅថ្ងៃព្រហស្បតិ៍នេះ បានត្មិះតិះដៀលអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរត់គេចខ្លួន ដោយប្រកាសថា លោកអាចហោះហើរទៅគ្រប់ទីកន្លែងក្នុងពិភពលោកបាន ប៉ុន្តែនឹងជាប់គុកប្រសិនបើលោកត្រឡប់មកប្រទេសថៃវិញ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Nipit Intarasombat សមាជិកសភាប្រាំបីសម័យនៅខេត្ត Phathalung បាននិយាយថា “លោក ថាក់ស៊ីន នៅតែជាអ្នកមានដែលអាចហោះហើរបានគ្រប់ទីកន្លែងក្នុងពិភពលោក លើកលែងតែប្រទេសថៃ”។
លោក Nipit អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអនុប្រធានគណបក្សប្រជាធិបតេយ្យបាននិយាយក្នុងការបង្ហោះតាម Facebookថា “គាត់មិនអាចមកដល់ទីនេះបានទេ។ អ្វីដែលគាត់អាចធ្វើបានគឺមើលងាយមាតុភូមិរបស់គាត់នៅពេលដែលគាត់បាននៅលើយន្តហោះ» ។
លោក Nipit បានឆ្លើយតបនឹងការប្រកាសយ៉ាងម៉ឺងម៉ាត់របស់លោកថាក់ស៊ីនកាលពីយប់ថ្ងៃអង្គារថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញក្នុងឆ្នាំនេះ។
លោក Nipit បាននិយាយថា ចំណេះដឹងផ្នែកច្បាប់របស់លោក មិនបានផ្តល់ដំណោះស្រាយអំពីរបៀបដែលលោក ថាក់ស៊ីន អាចត្រឡប់ទៅប្រទេសថៃដោយមិនចាំបាច់ជាប់ពន្ធនាគារសម្រាប់ករណីពុករលួយច្រើននោះទេ។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប១០ឆ្នាំ។
លោក Nipit បាននិយាយទៀតថា លោកមិនអាចយល់បានថា តើគណបក្សភឿថៃ ដែលត្រូវបានគេស្គាល់ថា ស្ថិតនៅក្រោមការបញ្ជារបស់លោកថាក់ស៊ីន អាចផ្តល់ដំណោះស្រាយ ដោយគ្មានការជាប់ពន្ធនាគារសម្រាប់លោក ថាក់ស៊ីន យ៉ាងដូចម្តេច បើទោះបីជាខ្លួនទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាងមុខក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា