ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ថា លោកគ្មានភាពរីករាយនោះទេ ចំពោះការផ្តល់រថក្រោះឱ្យអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោកមិនអាចយល់ពី អ្នកដែលកំពុងតែអបអរលើការ សម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទំនើបទៅកាន់ទីក្រុងគៀវនោះទេ។ លោកបានប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអ្វីរីករាយចំពោះ “សង្រ្គាម” នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ហាមួយចំនួនបានបណ្តាលឱ្យ មានភាពខុសគ្នានៃមតិបែបនេះ នៅក្នុងសង្គមអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានទទួលស្គាល់ថា នេះ “បង្ហាញពីការលំបាក… ការសម្រេចចិត្តបែបនេះ” ។ លោក Pistorius បាននិយាយថា លោក “សមានចិត្តទាំងស្រុង” ជាមួយអ្នកដែលមានការព្រួយបារម្ភអំពី “ការបញ្ជូនរថក្រោះទៅកាន់តំបន់សង្រ្គាម” ។

លោក Pistorius បានបន្តថា “ខ្ញុំមានសមានចិត្តតិចតួច សម្រាប់អ្នកដែលរីករាយនឹងស្រែក ‘ហាលេលូយ៉ា’ អំពីការពិតថា មានការចែកចាយ” ដោយបន្ថែមថា “មិនមានហេតុផលសម្រាប់រឿងនោះទេ” ។ «យើង​កំពុង​តែ​និយាយ​អំពី​សង្គ្រាម ហើយ​គ្មាន​អ្វី​ដែល​រីករាយ​ឡើយ»។

សូមជម្រាបថា ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែល លោកបានប្រកាសថា រថក្រោះដែលទីក្រុងប៊ែកឡាំង បានសន្យាជាមួយនឹងទីក្រុងគៀវ នៅដើមសប្តាហ៍នេះទំនងជានឹង មកដល់អ៊ុយក្រែន នៅចុងខែមីនាឬដើមខែមេសា។ ទីក្រុងប៊ែកឡាំងបានប្តេជ្ញា ផ្តល់កម្លាំងរថក្រោះពីឃ្លាំង របស់កងទ័ពអាល្លឺម៉ង់ Bundeswehr ដែលរួមមានរថក្រោះ Leopard 2A6 ចំនួន ១៤ គ្រឿង ដែលជាប្រភេទប្រយុទ្ធចុងក្រោយបំផុតមួយ។ អាល្លឺម៉ង់​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ ដែល​មាន​ឧបករណ៍​ធុន​ធ្ងន់​ផលិត​ដោយ​អាល្លឺម៉ង់​ក្នុង​ស្តុក ​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​អ៊ុយក្រែន​បានផង​ដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top