អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានឲ្យដឹងថា វាគ្មានន័យទេ ក្នុងការរៀបចំកិច្ចប្រជុំត្រីភាគី ជាមួយស៊ុយអែត និងហ្វាំងឡង់ ដើម្បីពិភាក្សាអំពីដំណើរ ការចូលជាសមាជិកណាតូ របស់ពួកគេ បន្ទាប់ពីការតវ៉ានាពេលថ្មីៗនេះ នៅទីក្រុងស្ដុកហូម ។
លោកបានលើកឡើងថា “នៅក្នុងបរិយាកាសនេះ កិច្ចប្រជុំត្រីភាគី គឺគ្មានន័យនោះទេ។ វាត្រូវបានពន្យារពេល ពីព្រោះបរិយាកាសបច្ចុប្បន្ននឹង គ្របដណ្ដប់ លើបញ្ហានេះ ” លោក Cavusoglu បានពន្យល់នៅក្នុងសន្និសីទ សារព័ត៌មាន រួមគ្នាជាមួយដំណើរ ទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសស៊ែប៊ី និង ជារដ្ឋមន្ត្រីការបរទេស Ivica Dacic ។
រដ្ឋមន្ត្រីតួកគីបានឲ្យដឹងថា “ស៊ុយអែត ត្រូវតែសម្រេចចិត្ត ។ តើខ្លួនចង់ចូលរួមជាមួយណាតូឬអត់? គោលបំណងមួយ នៃឧប្បត្តិហេតុទាំងនេះ គឺដើម្បីរារាំងស៊ុយអែត ពីការចូលរួមក្នុងអង្គការណាតូ” ដោយសំដៅទៅលើការតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេស Nordic ដែលពាក់ព័ន្ធនឹងការដុតគម្ពីគូរ៉ា និងបាតុកម្មដោយអ្នកគាំទ្រគណបក្សពលករឃឺឌីស្ថាន (PKK) ដែលត្រូវបានដាក់ នៅក្រៅច្បាប់ដោយតួកគី ។
លោកបានព្រមានថា ឧបទ្ទវហេតុនេះ ជាការវាយប្រហារ ប្រកាន់ពូជសាសន៍ ដែលមិនពាក់ព័ន្ធនឹងសេរីភាព នៃការគិតនោះទេ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
តួកគី បានពន្យារពេលកិច្ចប្រជុំត្រីភាគី ជាមួយស៊ុយអែត និងហ្វាំងឡង់ លើការដេញថ្លៃរបស់អង្គការណាតូ របស់ពួកគេ ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ បន្ទាប់ពីមានការដុតច្បាប់ចម្លងនៃគម្ពី គូរ៉ានៅទីក្រុងស្ដុកហូម ។
ស៊ុយអែត និងហ្វាំងឡង់ បានដាក់សំណើជាផ្លូវការ ដើម្បីចូលរួមជាមួយណាតូក្នុងខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានជំទាស់ដំបូងដោយ តួកគី សមាជិកណាតូ ដោយលើកឡើងពីការគាំទ្រ របស់ពួកគេចំពោះអង្គការប្រឆាំង តួកគី និងអ្នកប្រឆាំងនយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា