ព្រុចសែល ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិក បានឯកភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សា របស់ពួកគេនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា “ស្ថានភាពចំណាកស្រុក នៅក្នុងសហភាពអឺរ៉ុប មានភាពតានតឹង” ។
ក្រុមរដ្ឋមន្រ្តីបានឲ្យដឹងថា “មានតម្រូវការបន្ទាន់ដើម្បីពង្រឹងព្រំដែនខាងក្រៅ បង្កើនការត្រឡប់មកវិញ និងទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយប្រធានស៊ុយអែត នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “ភាពលំបាកក្នុងការវិល ត្រឡប់របស់ជនជាតិទីបី ដែលមិនមានសិទ្ធិស្នាក់នៅ ក្នុងសហភាពអឺរ៉ុប គឺជាបញ្ហាប្រឈមដ៏សំខាន់ សម្រាប់រដ្ឋសមាជិកជាច្រើន ។ អត្រាត្រឡប់មកវិញ នាពេលបច្ចុប្បន្នមិនអាចទទួលយកបាន ហើយជះឥទ្ធិពលអវិជ្ជមាន ដល់សមត្ថភាពទទួលភ្ញៀវ ក៏ដូចជាភាពស្របច្បាប់នៃ រដ្ឋសហភាពអឺរ៉ុប ប្រព័ន្ធសិទ្ធិជ្រកកោនជាតិ និងការធ្វើចំណាកស្រុក”។
រដ្ឋមន្ត្រីបានឯកភាពលើតម្រូវ ការសម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត ជាមួយប្រទេសដើម និងសម្រាប់ភាពជាដៃគូ ការធ្វើចំណាកស្រុក ដ៏ទូលំទូលាយ និងកិច្ចព្រមព្រៀងអាន បន្តប្រកបដោយប្រសិទ្ធភាព ជាមួយប្រទេសទីបី ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក មិនទៀងទាត់ និងកែលម្អការត្រឡប់មកវិញ ។
ពួកគេបានយល់ស្របថា អឺរ៉ុប គួរតែប្រើប្រាស់ទាំងការលើកទឹកចិត្តជាវិជ្ជមាន និងវិធានការរឹតត្បិត ហើយគ្រប់ផ្នែកគោលនយោបាយពាក់ព័ន្ធ ដូចជាគោលនយោបាយទិដ្ឋាការ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការទូត ត្រូវតែប្រើប្រាស់។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ប្រទេសជាសមាជិកសហភាព អឺរ៉ុប ក៏គាំទ្រការដាក់ចេញនូវវិធានការ រឹតត្បិតទិដ្ឋាការទាក់ទងនឹងប្រទេសទីបី ដែលមិនសហការលើការ ត្រឡប់មកវិញផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា