គីហ្គាលី ៖ នាយកគ្រប់គ្រង នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានបញ្ជាក់ពីការគាំទ្ររបស់អង្គការរបស់លោកស្រី សម្រាប់ហិរញ្ញប្បទាន អាកាសធាតុនៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍។
លោកស្រី Georgieva បានប្រាប់កិច្ចពិភាក្សាតុមូល មួយជាមួយអភិបាលធនាគារកណ្តាល ប្រចាំតំបន់អាហ្វ្រិកខាងកើត និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថា “យើងជឿជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍ សមនឹងទទួលបានហិរញ្ញប្បទានរយៈពេលវែង ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ រចនាសម្ព័ន្ធរបស់ពួកគេ ការវិនិយោគលើភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍកាបូនទាប” នៅក្នុងរដ្ឋធានី Kigali នៃប្រទេសរវ៉ាន់ដា ។
ការពិភាក្សាបានផ្តោតលើគម្រោង ហិរញ្ញប្បទានអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងបរិបទប្រតិបត្តិការ នៃភាពធន់ និងនិរន្តរភាពរបស់ IMF នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកចូលរួមក៏បានពិភាក្សាផងដែរ អំពីដំណោះស្រាយច្នៃប្រឌិតក្នុងស្រុក ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងរបៀបដែលសហគមន៍ អន្តរជាតិអាចគាំទ្រ ឬដើរតួជាកាតាលីករ ក្នុងការប្រមូលហិរញ្ញវត្ថុសាធារណៈ និងឯកជន។
លោកស្រី Georgieva បានលើកឡើងថា “IMF ប្តេជ្ញាគាំទ្រគោលនយោបាយអាកាសធាតុ របស់ប្រទេសនានា ជាពិសេសតាមរយៈឧបករណ៍ធន់ទ្រាំ និងនិរន្តរភាពថ្មី ដែលប្រទេសនានាអាចប្រើប្រាស់ ជាកាតាលីករសម្រាប់ការវិនិយោគ ដើម្បីកសាងភាពធន់” ។
លោកស្រីបានកត់សម្គាល់ថា IMF យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពអាកាសធាតុ ក្នុងបរិបទនៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការលើកកម្ពស់កំណើន និងការងារ ៕
ប្រែសម្រួល ឈូក បូរ៉ា