បរទេស៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ចំពោះការផ្តល់រថក្រោះ ប្រយុទ្ធសំខាន់ៗដល់កងកម្លាំងអ៊ុយក្រែន ដោយនិយាយថា “សង្គ្រាមប្រូកស៊ី” ឬសង្គ្រាមតំណាង របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរុស្ស៊ី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃសុក្រ គឺមន្ត្រីជាន់ខ្ពស់គណបក្សពលករ លោកស្រី Kim Yo-jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បាននិយាយថា ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន បានលាតត្រដាងទ្វីបទាំងមូលរបស់អឺរ៉ុបដល់គ្រោះថ្នាក់ធ្ងន់ធ្ងរនៃសង្គ្រាម។
លោកស្រី Kim Yo-jong បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន «កំពុងបំផ្លាញសន្តិភាពពិភពលោក និងសន្តិសុខក្នុងតំបន់ ដោយការប្រគល់ឧបករណ៍យោធាចំនួនតារាសាស្ត្រទៅឱ្យអ៊ុយក្រែន ដោយមិនអើពើទាំងស្រុងចំពោះការព្រួយបារម្ភអំពីសុវត្ថិភាពរបស់រុស្ស៊ី» ។ លោកស្រីបានបន្ថែមថា ការសម្រេចចិត្តផ្គត់ផ្គង់រថក្រោះបង្កជា “ការគំរាមកំហែង និងបញ្ហាប្រឈមដ៏ធំមួយចំពោះសន្តិសុខជាយុទ្ធសាស្ត្ររបស់រុស្ស៊ី”៕
ប្រែសម្រួលៈ ណៃ តុលា