ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន​៖ អ៊ីស្រាអែល ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​ការ​កើន​ឡើង​នូវភាពតានតឹង ដ៏​សាហាវនាពេលថ្មីៗនេះ

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះភាពតានតឹង “ធ្ងន់ធ្ងរ” នាពេលបច្ចុប្បន្ននៅក្នុងតំបន់ West Bank និងយេរ៉ូសាឡឹម ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងខែនេះ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយមេដឹកនាំប៉ាឡេស្ទីនបានឲ្យដឹងថា “យើងចាត់ទុករដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការកើនឡើងដ៏គ្រោះថ្នាក់ ដែលស្ថានការណ៍បានឈានដល់ ដោយសារតែឧក្រិដ្ឋកម្ម នៃការសម្លាប់ ការបន្តការតាំងទីលំនៅរបស់ខ្លួន ការកាត់បញ្ចូលទឹកដី និងការរុះរើផ្ទះ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “គោលនយោបាយទាំងនេះ គឺជាលទ្ធផលនៃ ការគេចចេញពីការកាន់កាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខា និងការរំលោភលើដំណោះស្រាយអន្តរជាតិ” ។

ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​បាន​ព្រមាន ​ពី​ការ​ធ្លាក់​ចុះ​ទៀត​ដែល​អាច​គំរាម​កំហែង​ ដល់​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើមនុស្សនៅជិតសាលាប្រជុំមួយនៅឯការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅក្រុងយេរ៉ូសាឡឹមខាងកើតកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និង ៣នាក់ទៀតរងរបួស មួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ជំរំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់ និង របួស ១៦ នាក់។

យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ៣០ នាក់ និងជនជាតិអ៊ីស្រាអែល ៨នាក់ត្រូវបានសម្លាប់មកទល់ពេលនេះ។ នៅឆ្នាំ២០២២ ជនជាតិប៉ាឡេស្ទីនជាង ១៥០នាក់ និងជនជាតិអ៊ីស្រាអែលជាង ២០នាក់ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងភាគីទាំងពីរ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top