ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត ៥០នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ២ករណី នៅភាគខាងលិចប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ៥១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ដឹកជញ្ជូន ២ដាច់ដោយឡែក ពីគ្នានៅភាគខាងលិចប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យនៅថ្ងៃអាទិត្យនេះ នៅគ្រាដែលរថយន្តក្រុងបានធ្លាក់ពីលើស្ពាន ហើយទូកដឹកក្មេងៗ មួយក្រុមបានក្រឡាប់ផងដែរ ។

ក្រុមមន្ត្រីបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ៤១នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីរថយន្តក្រុង របស់ពួកគេបានធ្លាក់ចូលទៅ ក្នុងជ្រោះមួយក្នុងខេត្ត Balochistan ភាគនិរតី ខណៈដែលសិស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុជិះទូកនៅ Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេស ។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា រហូតដល់៩នាក់ នៅតែបាត់ខ្លួននៅក្នុងទឹក ជាមួយនឹងប្រតិបត្តិការ ជួយសង្គ្រោះកំពុងដំណើរការ ។

នៅឯកន្លែងដាច់ស្រយាល នៃការធ្លាក់ឡានក្រុង នៅភាគខាងជើងនៃទីក្រុង Bela ក្នុងសង្កាត់ Lasbela មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Hamza Anjum បានលើកឡើងថា “សាកសព… គឺមើលមិនស្គាល់អត្តសញ្ញាណនោះទេ” ។

លោក Anjum បានឲ្យដឹងថា សាកសពចំនួន៤០នាក់ ត្រូវបានគេស្រង់ចេញពីឧបទ្ទវហេតុនេះ រួមជាមួយនឹងអ្នករបួស៣នាក់ ដែលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីនោះ ។ អ្នកនៅរស់រានមានជីវិត ២នាក់ទៀតស្ថិតក្នុងស្ថានភាព”ធ្ងន់ធ្ងរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top