ពេលថ្មីៗនេះ ស្ថានការណ៍រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលមានភាពកាន់តែតានតឹង ហើយកើតមានការប៉ះទង្គិចដោយហិង្សាជាបន្តបន្ទាប់។ កាលពីថ្ងៃទី ២៦ ខែមករា កងទ័ពអ៊ីស្រាអែលបានផ្ទុះការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយជនជាតិប៉ាឡេស្ទីននៅទីក្រុង Jenin ជាទីក្រុងនៅត្រើយខាងលិចនៃទន្លេហ្ស៊កដង់ពេលធ្វើសកម្មភាពតាមចាប់ខ្លួន ដោយបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។ កាលពីថ្ងៃទី ២៧ ខែមករា ការវាយប្រហារដោយភេរវកម្មមួយលើកបានកើតឡើងនៅបូជនីយដ្ឋានសាសនាមួយក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលមានភាពកាន់តែតានតឹងនាពេលថ្មីៗកន្លងទៅនេះ ហើយមានការឈឺចាប់យ៉ាងខ្លាំងដែលជនស៊ីវិលបានស្លាប់និងរងរបួសដោយសារការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ចិនថ្កោលទោសចំពោះរាល់ការវាយប្រហារដោយភេរវកម្មដែលសំដៅចំពោះជនស៊ីវិល និងប្រឆាំងនឹងការប្រើកម្លាំងហិង្សាជ្រុល។ រឿងបន្ទាន់នៅពេលនេះ គឺត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍ ចិនសូមអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ៊ីស្រាអែល ឱ្យរក្សាភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍កាន់តែតានតឹង រហូតដល់បាត់ការគ្រប់គ្រង៕