រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវដល់នាយក CIA លោក William Burns ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់វិធានការ “ឯកតោភាគី” របស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន។
លោក Abbas ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA ថា “វាមានសារៈសំខាន់សម្រាប់អន្តរាគមន៍បន្ទាន់មួយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលថ្មី ដែលដឹកនាំដោយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់វិធានការឯកតោភាគីរបស់ខ្លួន និងគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា” ។
លោក Abbas បានប្រាប់លោក Burns ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ ដែលធ្វើឡើងនៅទីស្នាក់ការប្រធានាធិបតីនៅតំបន់ West Bank នៃទីក្រុងរដ្ឋធានីរ៉ាម៉ាឡា ថា “វាមានសារៈសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវផ្តេកនយោបាយដោយផ្អែកលើដំណោះស្រាយអន្តរជាតិ ដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពសម្រាប់មនុស្សគ្រប់គ្នានៅក្នុងតំបន់” ។
លោក Abbas ក៏បានប្រាប់លោក Burns អំពីការវិវឌ្ឍចុងក្រោយបំផុត និងរលកនៃភាពតានតឹងថ្មីៗនៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មុនពេលជួបជាមួយលោក Abbas លោក Burns បានពិភាក្សាជាមួយប្រធានផ្នែកសន្តិសុខប៉ាឡេស្ទីននៅតំបន់ West Bank ។ ប្រធាន CIA រូបនេហបានមកដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត៕ប្រែសម្រួល ឈូក បូរ៉ា