ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត២៥នាក់ នៅក្នុងហេតុការណ៍បំផ្ទុះដ៏កក្រើកមួយ នៅឯព្រះវិហារឥស្លាម ក្នុងប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា
ការបំផ្ទុះនៅវិហារឥស្លាមមួយ នៅខាងក្នុងទីស្នាក់ការប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី៣០ ខែមករា បានសម្លាប់អ្នកគោរពបូជាចំនួន២៥នាក់ និង១២០នាក់ទៀតរងរបួស ។

ការវាយប្រហារនេះបានកើតឡើងនៅក្នុងអំឡុងពេលអធិស្ឋាននាពេលរសៀលនៅក្នុងទីក្រុង Peshawar ភាគពាយ័ព្យ ជិតតំបន់កុលសម្ព័ន្ធដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធបានកើនឡើងជាលំដាប់ ។

យោងតាមប៉ូលិសបានឲ្យដឹងថា វិហារអ៊ីស្លាមនេះមានទីតាំងនៅជិតប្លុកផ្ទះរបស់ប៉ូលិស ហើយមានមនុស្សប្រហែល២៦០ នាក់នៅខាងក្នុងនោះនៅគ្រាដែលការបំផ្ទុះបានកើតឡើង ។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ AFP ម្នាក់បានឃើញផ្នែកខ្លះនៃដំបូល និងជញ្ជាំងវិហារឥស្លាមបានដួលរលំ ហើយអ្នករស់រានមានជីវិតដែលប្រឡាក់ដោយឈាមបានរអិលចេញពីបំណែកបាក់បែកនៃដំបូលនោះ ខណៈដែលសាកសពត្រូវបានដឹកយកទៅឆ្ងាយនៅក្នុងរថយន្តសង្គ្រោះ ។

លោក Shafiullah Khan មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅទីក្រុង Peshawar បានប្រាប់ដល់ទីភ្នាក់ងារ AFP ពីកន្លែងនៃការបំផ្ទុះថា មនុស្ស២៥នាក់បានស្លាប់ និង១២០នាក់ទៀតរងរបួស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top