ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia
បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា លោក Boris Johnson អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគម្រាមគាត់ជាមួយនឹងការវាយប្រហារដោយមីស៊ីល នៅក្នុងអំឡុងពេលធ្វើការសន្ទនាតាមទូរស័ព្ទ ដែលឆ្ពោះទៅមុខពីការឈ្លានពានដល់អ៊ុយក្រែន ។
លោក Johnson ដែលកំពុងថ្លែងទៅកាន់ទូរទស្សន៍ BBC សម្រាប់ភាពយន្តឯកសារមួយបានឲ្យដឹងថា មេដឹកនាំរុស្ស៊ី បានសួរគាត់អំពីអនាគតរបស់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) ដែលគាត់បានឆ្លើយតបថា វានឹងមិន “សម្រាប់អនាគតដ៏ខ្លីខាងមុខ” នោះទេ ។
“គាត់បានគំរាមខ្ញុំនៅពេលមួយ ហើយគាត់បានថ្លែងថា លោក “Boris” ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ទេ ប៉ុន្តែជាមួយនឹងមីស៊ីល វាចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ” ឬអ្វីមួយដូចនោះ។ លោក Johnson បានថ្លែងថា “ការហៅទូរស័ព្ទដែលមានរយៈ ពេលយូរ និង “អស្ចារ្យបំផុត” នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅពេលនោះទៅកាន់ទីក្រុង គៀវ ។
គេបានដឹងថា ទំនាក់ទំនងរវាងក្រុងម៉ូស្គូ និងក្រុងឡុងដ៍ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ សូម្បីតែមុនពេលដែលរុស្ស៊ី ចូលលុកលុយអ៊ុយក្រែនក៏ដោយ បន្ទាប់ពីការបំពុលអតីតចារកម្មរុស្ស៊ី លោក Sergei Skripal នៅទីក្រុង Salisbury របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៨ ៕