ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាមមានចំនួនសរុប ១៩ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលការផ្ទេរប្រាក់ច្រើនជាងគេទាំង ១០ របស់ពិភពលោក។
ការផ្ទេរប្រាក់សរុបទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងជិត ៥ភាគរយក្នុងឆ្នាំ២០២២ ហើយអាចនឹងកើនឡើងពី ៣,៦ ទៅ ៤,៥ភាគរយនៅឆ្នាំបន្ទាប់ កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ដោយដកស្រង់របាយការណ៍ថ្មីៗនេះដោយធនាគារពិភពលោក និងដៃគូចំណេះដឹងសកល ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍន៍។
ក្នុងចំណោមប្រភពផ្ញើប្រាក់ សហរដ្ឋអាមេរិក មានជនអន្តោប្រវេសន៍វៀតណាម ច្រើនជាងគេ តាមពីក្រោយដោយប្រទេសអង់គ្លេស អូស្ត្រាលី និងកាណាដា។ ទន្ទឹមនឹងនោះ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ របស់ចិន បានប្រកាសថា ចំនួនពលករភាគច្រើនមកពីប្រទេសវៀតណាម នេះបើយោងតាមរបាយការណ៍។
របាយការណ៍បានឲ្យដឹងថា ទោះបីជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ លើសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងអតិផរណា ដែលកំពុងកើនឡើងនៅក្នុងប្រទេសជាច្រើនក៏ដោយ លំហូរផ្ទេរប្រាក់ទៅប្រទេសវៀតណាមនៅតែមានស្ថិរភាពធៀបនឹងឆ្នាំមុន។
ធនាគារមួយចំនួនជឿថា លំហូរផ្ទេរប្រាក់ដែលកំពុងកើនឡើងនឹងជួយពួកគេមិនត្រឹមតែទទួលបានប្រាក់ចំណេញកាន់តែច្រើនពីសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទុនបំរុងប្តូរប្រាក់បរទេសបម្រើគោលនយោបាយទាក់ទាញរូបិយប័ណ្ណបរទេសរបស់វៀតណាមផងដែរ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីៗនេះថា ទីក្រុងហូជីមិញបានទទួលការផ្ទេរប្រាក់ច្រើនបំផុតនៅក្នុងប្រទេសវៀតណាមជាមួយនឹងលំហូរចូលសរុបចំនួន ៦,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា