ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ថ្កោលទោស ​ការ​និយាយ​គំរាមកំហែង ​របស់លោក Blinken និងប្តេជ្ញា​ប្រតិកម្ម ​យ៉ាង​ម៉ឺងម៉ាត់

តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានព្រមាន សហរដ្ឋអាមេរិកថា ខ្លួននឹងមិនអត់ធ្មត់ ចំពោះការឈ្លានពាន ណាមួយប្រឆាំងនឹងទឹកដី និងផលប្រយោជន៍របស់ខ្លួនឡើយ ហើយនឹងបញ្ចេញប្រតិកម្ម យ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅ នឹងអ្វីដែលខ្លួនហៅថា “ការគំរាមកំហែង” ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Anthony Blinken ។

ការព្រមានរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Blinken បានប្រាប់បណ្តាញព័ត៌មានអារ៉ាប់ Al Arabiya ថា “ជម្រើសទាំងអស់មាននៅលើតុ” ប្រសិនបើកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ មិនបានសម្រេច នេះបើតាមសេចក្តី​ថ្លែងការណ៍​ ដែល​បាន​ចុះ​ផ្សាយ​ នៅ​លើ​គេហទំព័រ​របស់​ក្រសួង ។

លោក Kanaani ក៏បានព្រមានរដ្ឋាភិបាល សហរដ្ឋអាមេរិកអំពី “ការទទួលខុសត្រូវផ្នែកច្បាប់ និងអន្តរជាតិ” នៃសុន្ទរកថា “គំរាមកំហែង” របស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងផលវិបាកនយោបាយ នៃការបញ្ចេញមតិ “បង្កហេតុ” បែបនេះ។

លោកបានបញ្ជាក់ជាថ្មីថា អាវុធនុយក្លេអ៊ែរ គ្មានកន្លែងនៅក្នុងគោលលទ្ធិសន្តិសុខជាតិរបស់អ៊ីរ៉ង់នោះទេ ប៉ុន្តែប្រទេសនេះនឹង មិនបញ្ឈប់ការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងវិស័យនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញា មិនរីកសាយភាយឡើយ។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ ព្រមដាក់ការ ទប់ស្កាត់មួយចំនួនលើកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្ម លើប្រទេសនេះ ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌ កម្មឯកតោភាគី របស់ខ្លួនឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយ កាត់បន្ថយការប្តេជ្ញា ចិត្តនុយក្លេអ៊ែរ មួយចំនួននៅក្រោមកិច្ច ព្រមព្រៀងនេះ៕

To Top