Warsar៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ផែនការរបស់ប្រទេសប៉ូឡូញ ក្នុងការចំណាយ ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ២០២៣ អាចជាមហិច្ឆតាបំផុតក្នុងចំណោមរដ្ឋសមាជិកទាំងអស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) បានរាយការណ៍ថា អមដោយរដ្ឋមន្ត្រីការពារជាតិលោក Mariusz Blaszczak លោក Morawiecki បានទៅទស្សនាកងពលធំទី១៨ របស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ នៅ Siedlce ភាគខាងកើតប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទ។
លោក Morawieczki បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក បានចាត់ទុកការពង្រឹងកងកម្លាំងប្រដាប់អាវុធជាអាទិភាព ហើយចង់ឃើញកងទ័ពណាតូ បន្ថែមទៀតឈរជើងនៅក្នុងប្រទេស។
លោកបានលើកឡើងថា តាមរយៈការបង្កើនថវិកាការពារជាតិដល់ទៅ ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប ប៉ូឡូញ នឹងក្លាយជាអ្នកចំណាយកំពូលរបស់ណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុិនហួ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ទីក្រុង Warsar បានធ្វើការវិនិយោគទំហំធំនៅក្នុងការទិញយោធាដោយការទិញរថក្រោះ Abrams និងឧបករណ៍បាញ់រ៉ុក្កែត HIMARS ពីសហរដ្ឋអាមេរិក និងកាំភ្លើងយន្ត រថក្រោះ និងយន្តហោះចម្បាំងពីកូរ៉េខាងត្បូង៕ប្រែសម្រួល ឈូក បូរ៉ា