ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនការពារជាតិ បារាំង លើប្រព័ន្ធរ៉ាដា ចាប់សញ្ញាយន្ដហោះដ្រូន និងមីស៊ីល

គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា លោកបានជួបប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីតម្រូវការការពារជាតិរបស់អ៊ុយក្រែន។

ដោយពណ៌នាការសន្ទនាថា “ស្មោះត្រង់ និងប្រកបដោយផលិតភាព”លោក Reznikov បានលើកឡើងថា តម្រូវការប្រតិបត្តិការបន្ទាន់ របស់កងទ័ពអ៊ុយក្រែន គឺស្ថិតនៅក្នុងរបៀបវារៈ។

លោក Reznikov ដែលបានមកដល់ប្រទេសបារាំង កាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ បានថ្លែងអំណរគុណដល់លោក ម៉ាក្រុង និងប្រជាជនបារាំង សម្រាប់ការគាំទ្រ របស់ពួកគេចំពោះអ៊ុយក្រែន។

នៅក្នុងសារ ដាច់ដោយឡែកមួយ លោករដ្ឋមន្ត្រីបានលើកឡើងថា លោកបានចុះហត្ថលេខាលើអនុស្សរណៈ ជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu និងក្រុម Thales Group ស្តីពីការផ្គត់ផ្គង់រ៉ាដា MG-200 សម្រាប់អ្នកការពារដែនអាកាសអ៊ុយក្រែន។ លោក Reznikov បានបន្ថែមថា រ៉ាដានឹងជួយយោធាអ៊ុយក្រែន ក្នុងការស្វែងរកយន្តហោះដ្រូន និងមីស៊ីលរបស់សត្រូវ រួមទាំងមីស៊ីលផ្លោងផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top