ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមផ្ដល់កញ្ចប់ជំនួយអាវុធតម្លៃជាង ២ពាន់លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធា ដែលមានតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់រំសេវ និងសព្វាវុធ ផ្សេងទៀត ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលបានធ្វើបទបង្ហាញស្តីពី ផែនការ។

ក្រុមមន្ត្រីបានឲ្យដឹងថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot អាវុធយុទ្ធភណ្ឌ ដែលមានការណែនាំច្បាស់លាស់ និងអាវុធប្រឆាំងរថក្រោះ Javelin ផងដែរ។

មន្ត្រីម្នាក់បានឲ្យដសងថា ផ្នែកមួយនៃកញ្ចប់ដែលរំពឹងថា នឹងមានចំនួន ១,៧២៥ពាន់លានដុល្លារ នឹងបានមកពីមូលនិធិ ដែលគេស្គាល់ថា Ukrainian Security Assistance Initiative (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីស្តុកអាវុធរបស់សហរដ្ឋអាមេរិក។

មូលនិធិរបស់ USAI នឹងឆ្ពោះទៅរកការទិញអាវុធថ្មីមួយគឺ Ground Launched Small Diameter Bomb (GLSDB) ដែលមានរយៈចម្ងាយ ១៥០គីឡូម៉ែត្រ (៩៤ម៉ាយ)។ ដោយសហរដ្ឋអាមេរិក បានច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់កាំជ្រួច ATACMS ចម្ងាយ ៣០០ គីឡូម៉ែត្រ (១៨៥ ម៉ាយ) ។

រយៈចម្ងាយឆ្ងាយនៃគ្រាប់បែក GLSDB អាចអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារគោលដៅដែលមិនទៅដល់ និងជួយវាបន្តការវាយលុករបស់ខ្លួនដោយរំខានដល់ប្រទេសរុស្ស៊ីបន្ថែមទៀតនៅពីក្រោយជួរវាយប្រហាររបស់ខ្លួន។

គ្រាប់បែក GLSDB ត្រូវបានណែនាំដោយ GPS អាចកម្ចាត់ការកកស្ទះអេឡិចត្រូនិច អាចប្រើបានគ្រប់លក្ខខណ្ឌអាកាស ធាតុ និងអាចប្រើប្រឆាំងនឹងរថពាសដែក នេះបើយោងតាម ​​SAAB ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាន នៅប្រទេសស៊ុយអែត ដែលផលិតអាវុធជាមួយក្រុមហ៊ុន Boeing៕

ប្រែសម្រួល ឈូក បូរ៉ា

To Top