ព័ត៌មានអន្តរជាតិ

UN សង្ឃឹមថា កម្ពុជា អាចសម្រេចគោលដៅគ្មានមីន ឆ្នាំ២០២៥ ខណៈអង្គការអន្តរជាតិមួយនេះ បន្ដគាំទ្រ

ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា ខ្លួន នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន ហើយសង្ឃឹមថា កម្ពុជា នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph Scheuer បានមានប្រសាសន៍ថា «ដោយឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើន ពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីន មានបំណងចង់ចូលរួមធ្វើការកៀរគរធនធាន ពីប្រភពក្រៅប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជាផងដែរ។ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ ដល់ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បន្ទាប់ពីបញ្ចប់សង្រ្គាមរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយក្នុងការដោះស្រាយ និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈានដល់របត់មួយ និងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាប្រវត្តិសាស្រ្តរយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកទេសរដ្ឋមន្រ្តីបន្ដថា កម្ពុជា ទទួលការគាំទ្រដល់ការងារ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដូចអ្វីដែលឃើញយ៉ាងច្បាស់ ចាប់ពី២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាព និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការងារ បោសសម្អាតមីនឲ្យអស់ ត្រឹមឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានចាត់ទុកអង្គការ សហប្រជាជាតិ គឺជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់កម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ផងដែរ ព្រមទាំងបានអញ្ជើញ ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្ស និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីន របស់ប្រតិបត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយ ៕

To Top